2023-09-07 05:09
113

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់ស្លាប់និងរងរបួសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅស្រុកស្វាយជ្រំនិងក្រុងបាវិតក្នុងយប់តែមួយ។

   យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១១៤និង១១៥ មានរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ៣C-៩២៩២ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចបានជ្រុលទៅបុកបញ្ច្រាសទិសជាមួយម៉ូតូម៉ាកវិនន័រអុិច ពណ៌ប្រផេះលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ១KI-៧៨០៩ បើកបរដោយឈ្មោះ ថា រស្មី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះហ៊ាង ឆៃលី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងបណ្ដាលអោយរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ។

មូលហេតុ: សមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតបន្តទៀត ខណៈសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

ករណីទី២បានកើតឡើងកាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨និង១០នាទីយប់ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៥២-១៥៣ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង  មានម៉ូតូ០១គ្រឿង ម៉ាក អុិនសិនទ័រ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ នី ចំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសេកជ្រុំ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍  ខេត្តស្វាយរៀង បើកបរពីកើតទៅលិច  លុះមកដល់ចំណុចកើតហេតុខាងលើក៏បានទៅបុកប៉ះគល់ឈើបណ្តាលឲ្យអ្នកបើកបរម៉ូតូដួលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។  ចំពោះមូលហេតុ គឺមកពីម៉ូតូបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕