2023-09-08 04:09
142

(រតនគិរី)៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី,លោកឧត្តមសេនីយ៍ត្រី មាស ពៅបូរ៉ា ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៅវេរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីល្បែងស៊ីសងខុសច្បាប់(លក់ឆ្នោតវៀតណាម) ក្នុងផ្សារបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ត្រី មាស ពៅបូរ៉ា បានថ្លែងប្រាប់ឲ្យដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងជំនាញ បានតាមដានសកម្មភាពជាច្រើនថ្ងៃមកហើយ និងបានសុំយោបល់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក លាង អ៊ូរ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជាក់ស្តែងតែម្តង។

លោកឧត្តមសេនីយ៍ស្នងការរងរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា កម្លាំងនគរបាលត្រៀមជានិច្ចមិនថា បទល្មើសអ្វីនោះត្រូវតែបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ពៅ មាសបូរ៉ា បញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់រួមមាន៖ទី១៖ ឈ្មោះ ទូច ចាន់ថេង (ហៅទូច) ភេទស្រី អាយុ៥១ឆ្នាំ មុខរបរលក់ដូរ និងទី២៖ ឈ្មោះ លុច ចាន់ឌី ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់ដូរ (អ្នកទាំង២មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖សៀវភៅកត់កន្ទុយលេខវៀតណាម ចំនួន៧ក្បាល ក្រដាសរាម១ដុំ កាបូបស្ពាយចំហៀង២ ទូរស័ព្ទចំនួន៤គ្រឿង និងលុយខ្មែរមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាងរក្សាទុក ឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងផ្តន្ទាទោសតាមច្បាប់៕