2023-09-08 05:09
128


ក្រុងតូក្យូ៖ ថ្ងៃអង្គារ-សុក្រ ៥-៨ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥-៨ ខែកញ្ញា ឆ្នាំ២០២៣ លោកអគ្គនាយករង ចៅ សុភៈភិបាល តំណាងឯកឧត្តម សួន ភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធ0ចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់រឹង និងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចចក្រា (Workshop on Strengthening Solid Waste Management Practices and Transitioning to a Circular Economy) ក្នុងកំឡុងពេលអន្តរកាល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ 
   សិក្ខាសាលានេះមានការចូលរួមពីអ្នកជំនាញមកពីប្រទេសចំនួន១៣ រួមមាន កម្ពុជា ឡាវ ឥណ្ឌា ហ្វីលីពីន ណូរឺ កោះសូឡូម៉ុន អ៊ូប៊ែគីស្ថាន បង់ក្លាដេស ណេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ថៃ និងប្រទេសជប៉ុន រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងទាក់ទងនឹងគំនិតសេដ្ឋកិច្ចចក្រា យន្តការ និងនីតិវិធីដាក់បញ្ចូលគំនិតនេះទៅក្នុងគម្រោងគ្រប់គ្រងសំណល់រឹង ព្រមទាំងលើកកម្ពស់ចំណេះដឹងក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការអនុវត្តនូវគោលការណ៍ 4Rs (Reducing, Reusing, Recycling and Recovering)។ 
   ជាមួយគ្នានោះផងដែរ អង្គសិក្ខាសាលាបានចែករំលែកបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោងជោគជ័យ និងបរាជ័យជាក់ស្តែងនៅតាមបណ្តាប្រទេសមួយចំនួន និងបានពិគ្រោះពិភាក្សាស៊ីជម្រៅអំពីបទប្បញ្ញត្តិ តួនាទី និងមុខងារអាជ្ញាធរមូលដ្ឋាន កិច្ចសហប្រតិបត្តិការជាមួយប្រជាពលរដ្ឋ និងវិស័យឯកជន សំដៅធានាអនុវត្តគម្រោងគ្រប់គ្រងសំណល់រឹងឱ្យបានជោគជ័យ។ 
   សូមបញ្ជាក់ថា៖ សេដ្ឋកិច្ចចក្រា (Circular Economy) គឺជាវិធីសាស្រ្តមួយក្នុងការកែប្រែវត្ថុដែលជាកាកសំណល់រឹងឱ្យក្លាយជាវត្ថុមានប្រយោជន៍ឡើងវិញ មានន័យថាទន្ទឹមនឹងកំណើនសេដ្ឋកិច្ច ក៏ជួយកាត់បន្ថយកំណើនបរិមាណសំណល់ និង រួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០៣០៕