2023-09-11 11:09
159

ភ្នំពេញ៖ យុវតីឈាមរាវ ចំនូន ០២នាក់ ក្នុងចំណោម ០៧នាក់ ដើរលេងចូលក្លឹបផឹកស៊ីដាច់យប់ ជាក្រុម Gangster បានផ្ទុះអំពើហិង្សាព្រួតវាតទាត់ធាក់លើនារីបក្ខដិបក្ខម្នាក់ទៀត បណ្តាលឲ្យរងរបួសដោយផ្តើមឡើងដោយសារ ដណ្តើមប្រុសស្នេហ៍គ្នានោះ ត្រូវបានកម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ 

ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានធ្វេីការស្រាវជ្រាវបង្រ្កាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចមុខក្លឹបហ្កោលឡាញ ផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

នារីវ័យក្មេងជាជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ យឿង ចរិយា ហៅ ចរិយា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ គ្មានសារធាតុញៀន និងទី២- ឈ្មោះ មាន ស្រី ហៅ រ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គ្មានសារធាតុញៀន។ 

ក្នុងករណីហិង្សានេះ នារីរងគ្រោះមានឈ្មោះ សេង ស្រីនិច ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការហាង-ផ្កាថ្កុល ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងបួសពកថ្ងាសខាងមុខ, ហើមប៉ោងផ្ទៃមុខ និងដាច់រលាត់ជើង ដៃ ជង្គង់ និងដងខ្លួនជាច្រើនកន្លែង។ 

ដំណើររឿង: នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣និង១០នាទីទៀបភ្លឺ នៅចំណុចមុខ ក្លឹបកំសាន្តហ្គោលឡាញ ស្ថិតតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីហិង្សាដោយចេតនា បង្កឡើងដោយជនសង្ស័យ ចំនួន ០៧នាក់ បានធ្វើសកម្មភាពព្រួតគ្នា ព្រួតវាយទាត់ធាក់, ចាប់បោចសក់ និងចាប់បោកក្បាល និងយកស្បែកជើងវាយជនរងគ្រោះឈ្មោះ សេង ស្រីនិច ភេទស្រី អាយុ ២៤ឆ្នាំ បណ្តាលឲ្យជនរងរបួស រួចក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូកង់បីគេចខ្លួនបាត់។ 

បន្ទាប់ពីកើតហេតុជនរងគ្រោះបានប្រមូលយករូបភាពស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យ វាយទាត់ធាក់ខ្លួន និងហៅម៉ូតូកង់បីជិះទៅព្យាបាលរបួសនៅគ្លីនិកឯកជនមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានយកភស្តតាងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ។ ក្រោយពីទទួលបណ្ដឹងសមត្ថកិច្ចបានស្រាវជ្រាវ រហូតនៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ កំណត់បានក្រុមជនសង្ស័យច្បាស់លាស់ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យឿង ចរិយា វេទស្រី អាយុ ១៨ឆ្នាំ និងឈ្មោះ មាន ស្រីរ័ត្ន ភេទស្រី អាយុ ១៨ឆ្នាំ នៅចំណុចបន្ទប់ជួល សង្កាត់ចោមចៅ៣ យកមកសាកសួរ នៅវេលាម៉ោង ១៦និង១០នាទី ដើម្បីសាកសួរ។ 

នារីជាជនសង្ស័យទាំង ០២នាក់ បានសារភាពថា ពួកខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពជាមួយបក្ខពួក វាយទាត់ធាក់ជនរងគ្រោះ បណ្តាលឲ្យរបួស នៅចំណុចមុខក្លឹបហ្គោលឡាញ សង្កាត់ភ្នំពេញថ្មី កាលពីទៀបភ្លឺថ្ងៃទី០៥ ខែ ខែកញ្ញាកន្លងទៅប្រាកដមែន និងបក្ខពួកចំនួន ០៥នាក់ទៀតកំពុងរត់គេចខ្លួន។ 

បច្ចុប្បន្ន យុវតីទាំង ០២រូបនេះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងបំពេញសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ និងបន្តតាមចាប់ខ្លួនបក្ខពួកបន្ថែមទៀត៕