2023-09-11 02:09
126

ភ្នំពេញ៖     សំណុំរឿងក្រុមចោរធ្វើសកម្មភាពគាស់ទូរកុងតឺន័រ លួចយកសម្ភារៈ និងគ្រឿងបង្គំតប្រព័ន្ធរថយន្តនោះ ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវឈានដល់ការបំបែកដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ 

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌ និងបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលស្រុកកណ្តាលត្រាំកក់ ខេត្តតាកែវយ៉ាងយកចិត្តទុកដាក់ទើបឈានដល់ការបំបែកបាននូវសំណុំរឿងមួយនេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៣ វេលាប្រហែលម៉ោង ០២រំលងអាធ្រាត មានជនសង្ស័យមួយក្រុម (រូបភាពមើលតាមកាមេរាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ទំលុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំង ស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លួចយកខ្សែភ្លើង បង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។ 

លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៥នាក់ រួមមាន៖ ទី១- ឈ្មោះ នួន ឈុនលាង ភេទប្រុស អាយុ ៣៨ឆ្នាំ ទី២- ឈ្មោះ សែ គន្ធា ភេទប្រុស អាយុ ៤៥ឆ្នាំ ទី៣- ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ ទី៤- ឈ្មោះ អែម សំអុល ភេទប្រុស អាយុ ៣៨ឆ្នាំ ទី៥- ឈ្មោះ ហេង ប៊ុនស ភេទប្រុស អាយុ ៤៥ឆ្នាំ។ 

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យខាងលើ នគរបាលជំនាញព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕