2023-09-11 04:09
144

ភ្នំពេញ៖ ក្រុមការងារក្រសួងយុត្តិធម៌ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកំពុងពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាង កម្ពុជា នៅតាមបណ្តាប្រទេសនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ 

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា «នៅពេលឆាប់ៗខាងមុខនេះ ក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការលើសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដំណាក់កាលទី២ ដែលកាន់តែផ្តល់ភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់បងប្អូនដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស ដោយអនុញ្ញាតឱ្យបងប្អូនបំពេញពាក្យស្នើសុំ និងទូទាត់ប្រាក់សេវា តាមប្រព័ន្ធអនឡាញតែម្តង ដោយមិនតម្រូវឱ្យបងប្អូន អញ្ជើញមកដាក់ពាក្យ និងបង់ប្រាក់ដោយផ្ទាល់នៅក្រសួងយុត្តិធម៌ទៀតទេ»។ 

តាមការបញ្ជាក់របស់អ្នកនាំពាក្យ បានឲ្យដឹងទៀតថា «ដោយសារព័ត៌មាន ក្នុងព្រឹត្តិបត្រថ្កោលទោសជាព័ត៌មានឯកជនរបស់អ្នកស្នើសុំ ហេតុនេះក្រសួងតម្រូវឱ្យអ្នកស្នើសុំមកទទួលយកព្រឹត្តិបត្រថ្កោលទោសដោយផ្ទាល់ខ្លួនតែម្តងគត់ នៅក្រសួងយុត្តិធម៌ (ករណីឯកសារយោងរបស់អ្នកស្នើសុំមានលក្ខណៈត្រឹមត្រូវ) ក្រោយពីព្រឹត្តិបត្រថ្កោលទោសបានរៀបចំរួចរាល់»។ 

ក្រសួងយុត្តិធម៌ បានបញ្ចាក់បន្ថែមថា «ចំពោះប្រជាពលរដ្ឋ រស់នៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រុមការងារក្រសួងយុត្តិធម៌ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកំពុងពិភាក្សារៀបចំបែបបទ និងនីតិវិធីសម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោសតាមរយៈស្ថានតំណាង កម្ពុជានៅតាមបណ្តាប្រទេសនានា ដែលក្រសួងយុត្តិធម៌នឹងជូនដំណឹងនាពេលខាងមុខនេះ»៕