2023-09-12 11:09
106

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាលនៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល ដោយក្នុងជំនួបនាពេលនេះ មានវត្តមានចូល រួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជានាយក នាយករង ប្រធាននាយកដ្ឋាន មន្ត្រីក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា សរុបប្រមាណ ៨០ នាក់។ 

នៅក្នុងឱកាសនោះលោក យក់ បុណ្ណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានឡើងធ្វើបច្ចុប្បន្នភាពការងារ និងរបាយការណ៍សមិទ្ធផលដែលសាលាភូមិន្ទរដ្ឋបាលសម្រេចបានចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន។លោកនាយកសាលា បានលើកអំពីសមិទ្ធផល៤ ផ្នែកធំៗរួមមាន៖ ការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រី ការបណ្តុះបណ្តាលមន្ត្រីរាជការ ការសិក្សាស្រាវជ្រាវ និងចងក្រង ព្រមទាំងការអនុវត្ត និងផ្សព្វផ្សាយការងារសង្គម។

លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឈានទៅសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងការជ្រើសរើសបណ្ដុះបណ្ដាលដល់មន្ត្រីរាជការដែលទើបជ្រើសរើសថ្មីក្នុងក្របខណ្ឌរដ្ឋបាល និងការបណ្ដុះបណ្ដាលបន្តពង្រឹងសមត្ថភាពដល់មន្ត្រីរាជការដែលកំពុងបម្រើការក្នុងវិស័យសាធារណៈ ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «គ្រប់មជ្ឈដ្ឋាន និងក្រសួង ស្ថាប័ននានា បានទទួលស្គាល់គុណភាពនៃការជ្រើសរើស បណ្ដុះបណ្ដាល និងសមត្ថភាពនៃមន្ត្រីរាជការដែលឆ្លងកាត់សាលាភូមិន្ទរដ្ឋបាល»។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី  ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ពីបេសកកម្ម និងការងារអាទិភាពឆ្ពោះទៅមុខ ព្រមទាំងបានស្នើថ្នាក់ដឹកនាំ មន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ត្រៀមស្មារតី និងឆន្ទៈ ក្នងការអនុវត្តការងារកែទម្រង់ការប្រឡងជ្រើស  រើសមន្ត្រី ដោយឈរលើមូលដ្ឋានការដឹកនាំដោយគោលការណ៍ និងការចូលរួមទាំងអស់គ្នា។

គួរបញ្ជាក់ថា បន្ទាប់ពីកិច្ចសំណេះសំណាលលោករដ្ឋមន្ត្រី បានអញ្ជើញ ពិនិត្យទីតាំង និងធ្វើ ទស្សនកិច្ចសាលាភូមិន្ទរដ្ឋបាលនោះផងដែរ៕