2023-09-12 11:09
114

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ស្មើ២ភូមិ គឺភូមិលំផាត់ និងភូមិដីឡូ ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពី លោក នូ ថេរ អភិបាលស្រុកលំផាត់ និងមន្រ្តីរាជការសាលាស្រុក និងលោកមេឃុំ មេភូមិផងដែរ។

ថ្លែងកាន់ប្រជាពលរដ្ឋ លោក គិត ទ្រី បានណែនាំឲ្យពួកគាត់ ថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសត្រូវបន្តរក្សាអនាម័យដោយពិសារទឹកស្អាត ឬទឹកដាំពុះ ចម្អិនអាហារឲ្យបានឆ្អិនល្អ និងត្រូវលាងដៃជាមួយសាប៊ូឲ្យបានជាប់ជានិច្ច។ លោកបន្ថែមថា អំណោយទាំងនេះ អាចជួយដោះស្រាយជាស្បៀងសម្រាប់ក្រុមគ្រួសារប្រជាពលរដ្ឋបានមួយគ្រាផងដែរ។

អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីរូបនេះ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ ប្រកបដោយស្មារតីគាំទ្រជាមួយទំនុកចិត្តសប្បាយរីករាយ និងដោយគ្មានការបង្ខិតបង្ខំ នាំឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ និងភួយ១៕