2023-09-12 11:09
105

ភ្នំពេញ៖ “ទេវតាសន្តិភាព-ឆ្នាំ២០២៣” គឺជាប្រធានបទមួយដ៏មានសារសំខាន់ រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ក្នុងការរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នានាពេលខាងមុខនេះ។ 

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា «កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នា ដែលមានឈ្មោះថា "ទេវតាសន្តិភាព-ឆ្នាំ២០២៣” នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣»។ 

អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានបញ្ជាក់ថា «គោលដៅសំខាន់នៃការធ្វើសមយុទ្ធនេះ ដើម្បីអបអរសាទរខួបលើកទី ៦៥ឆ្នាំ ថ្ងៃបង្កើតចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្ដូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព»។ 

សមយុទ្ធបានកំណត់យកប្រធានបទ “ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ” ដែលនឹងប្រារព្ធធ្វើរយៈពេល ១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅបញ្ញាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និងមានការពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាបផងដែរ៕