2023-09-13 08:09
171

ភ្នំពេញ៖ គ.ជ.ប ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលសន្និសីទ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាព ក្រោមអធិបតីភាពរបស់ ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។ 

កិច្ចប្រជុំនោះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីបញ្ជីបោះឆ្នោតចុងក្រោយ អំពីលទ្ធផលបណ្តោះអាសន្ននៃការ ចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងសភាពការណ៍ទូទៅមុនចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ 

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានលើកឡើងថា «ការរៀបចំការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាព បញ្ជីបោះឆ្នោតតាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោត មានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។ ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣»។ 

ឯកឧត្តម នុត សុខុម បានបញ្ជាក់ថា «ប្រជាពលរដ្ឋដែលមានឈោ្មះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួន ៩.៧១០.៦៥៥ (ប្រាំបួនលាន ប្រាំពីរ រយដប់ពាន់ ប្រាំមួយរយហាសិបប្រាំ)នាក់ ក្នុងនោះស្រ្តីមានចំនួន ៥.១៦១.៩០៩ (ប្រាំលាន មួយរយ ហុកសិបមួយពាន់ ប្រាំបួនរយប្រាំបួន)នាក់»៕