2023-09-13 02:09
192

កែប៖ សំណង់របងថ្មដ៏រឹងមាំគ្មានច្បាប់អនុញ្ញាតមួយកន្លែង កំពុងសាងសង់រំលោភយកចូលក្នុងដីចំណីមាត់ឆ្នេរសមុទ្រអង្កោលយ៉ាងរំភើយគ្មានមន្ត្រីអាជ្ញាធរឃុំ ស្រុក និងមន្ត្រីជំនាញសូរិយោដី ឬមន្ត្រីថ្នាក់ខេត្តណាយកភ្នែកមើល ដើម្បីទប់ស្កាត់ រក្សាតំបន់ឆ្នេររបស់រដ្ឋឡើយ បណ្តោយឲ្យបុគ្គលមានឥទ្ធិពល និងទឹកលុយរំលោភយកធ្វើជាកម្មសិទ្ធតាមអំពើចិត្ត សង្ស័យទទួលបានផលលាភពីម្ចាស់ទីតាំង ទើបនាំគ្នាសំងំស្ងៀមបើកភ្លើងខៀវបែបនេះ។ 

សកម្មភាពសាងសង់សំណង់រឹងមាំធ្វើជារបង ដើម្បីរំលោភយកដីចំណីឆ្នេរសមុទ្រក្នុងតំបន់អង្គោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោលស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានមេការម្នាក់ឈ្មោះ លីម ហ៊័ត អ្នកមើលការខុសត្រូវ និងចាត់ចែងរត់ការឃុបឃិតជាមូយអាជ្ញាធរថ្នាក់ឃុំ និងស្រុក ដើម្បីបិទបាំងព័ត៌មាន។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ការសាងសង់របងថ្ម រំលោភចូលដីចំណីឆ្នេរសមុទ្រយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរសមុទ្រអង្កោលនោះក្លាយទៅជាប្រពៃណីទៅហើយសម្រាប់អ្នកមានឥទ្ធិពល មានទឹកលុយឃុបឃិតជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងសាងសង់បានដោយរលួនបែបនេះ។ 

ប្រភពដដែលបានបន្តទៀតថា នៅតំបន់ឆ្នេរសមុទ្រ ឬមាត់សមុទ្រ នៅតំបន់ភូមិបង្កោលភាគច្រើនសុទ្ធតែអ្នកមានលុយ មានអំណាច និងមានខ្នងបង្អែកនៅពីក្រោយគ្រាក់ៗណាស់ ទើបធ្វើការសាងសង់រំលោភយកដីចំណីសមុទ្រដោយរលូនយ៉ាងដូច្នេះ ប្រសិនបើប្រជាពលរដ្ឋតូចតាចមិនហ៊ានប៉ះពាល់អាជ្ញាធរ និងមន្ត្រីជំនាញចុះហាមឃាត់ភ្លាម ឬធ្វើលិខិតហៅដើម្បីសួរនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ជាបន្ទាន់។ 

ប្រជាពលរដ្ឋ បានបញ្ជាក់ថា សម្រាប់អ្នកមានបុណ្យស័ក្តិ មានអំណាច មានលុយអាជ្ញាធរ និងមន្ត្រីជំនាញនាំគ្នាសម្ងំធ្វើជាមិនដឹងមិនឮដូចគោច្រាំងទិចពេលកាសែតសួរនាំឆ្លើយដាក់គ្នា (sic)។ 
បុរសឈ្មោះ លីម ហ៊័ត មេការមើលការខុសត្រូវការសាងសង់របងថ្មរំលោភចូលដីចំណីឆ្នេរសមុទ្រតំបន់អង្កោល ក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានប្រាប់ថា «ការសាងសង់របងថ្មនោះ គឺដីមានប្លង់ត្រឹមត្រូវ ប៉ុន្តែការធ្វើរបងពិតជាបានរំលោភចូលដីចំណីឆ្នេរសមុទ្របន្តិចបន្តួចមែន ដើម្បីការពារទឹករលកធ្វើឲ្យបាក់ច្រាំងតែប៉ុណ្ណោះ»។ មេការមើលការខុសត្រូវសំណង់រឹងមាំខុសច្បាប់រំលោភដីឆ្នេរសមុទ្រ បានបន្ថែមទៀតថា «ការសាងរបងថ្មនេះវាជ្រុលទៅហើយ ប៉ុន្តែបើមានការផ្សព្វផ្សាយយ៉ាងច្រើនអាជ្ញាធរចុះឲ្យវ៉ៃចោល អញ្ចឹងមានតែដោះស្រាយផ្សេងៗកុំឲ្យបែកធ្លាយវាមិនសូវល្អតែបុណ្ណឹង»។ 

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានប្រាប់សារព័ត៌មានថា «បញ្ហារៀបរបងនៅជាប់មាត់សមុទ្រឆ្នេរអង្កោលនេះ លោកបានដឹងហើយ លោកបានបញ្ជាឲ្យឃាត់មិនឲ្យធ្វើសកម្មភាពបន្តទៀតទេ»។ចំពោះការលើកឡើងរបស់លោក ឆាង ឆៃ អភិបាលស្រុកមហាជនបានលើកឡើងថា ហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះសកម្មភាពជាងកំពុងតែធ្វើបន្តសម្រុកសាងសង់ ប៉ុន្តែអាជ្ញាធរមិនហ៊ានចុះទៅក្បែរទីតាំងសំណង់នោះឡើយ។ 

យោងតាមគណៈកម្មាធិការជាតិរប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លេខ:២១០ នស/ត អ.គ.ក. ស្តីពី ការការពារ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា បានជម្រាបជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុងជ្រាបថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ការពារ និងអភិរក្សបឹង ស្ទឹង ព្រែក អូរ និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាពគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាស្នើរឲ្យគ្រប់អភិបាលខេត្តពាក់ព័ន្ធ «ទប់ស្កាត់ ការទន្ទ្រាន កាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅសមុទ ស្របតាមសារាចរណែនាំលេខ ០១ សរណន ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងប្លង់សុរិយោដីដែលបានកំណត់ជាធរមាន»។ 

លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប បានប្រាប់ msj tv នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីសាងសង់សំណង់របងរឹងមាំរំលោភចូលដីចំណីឆ្នេរអង្កោលនោះ បានបញ្ជាក់ថា «មិនមានច្បាប់អនុញ្ញាតឲ្យសាងសង់ទេ។ ចំពោះវិធានការឮថា លោកអភិបាលស្រុកបានឆាតមកលោកថា បញ្ជាឲ្យរុះរើចេញនៅពេលឃើញមានស្ថានភាពអស់ហ្នឹង លោកទទួលបានព័ត៌មានហើយ »។ 

លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីរសុរិយាដី បានបញ្ជាក់ថា «រឿងរុះរើមិនរុះ ឬមិនរុះមិនដឹងទេ ប៉ុន្តែឮថាគាត់ថាឲ្យរុះរើ។ ខាងជំនាញខេត្តមិនទាន់បានចុះទៅពិនិត្យមើលទេ ព្រោះចៅហ្វាយស្រុកគាត់មានជំនាញរបស់គាត់ឲ្យចុះទៅមើលរួចហើយ»។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីសុំការបញ្ជាក់បន្ថែមលើករណីបុគ្គលមានឥទ្ធិពលធ្វើរបងរំលោភយកដីចំណីឆ្នេរសមុទ្រអង្កោលនេះ ប៉ុន្តែទូរសព្ទហៅចូលហើយគ្មានអ្នកទទួលឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ និងមហាជនមួយចំនួន នៅតែនាំគ្នានិយាយរិះគន់អាជ្ញាធរ និងមន្ត្រីជំនាញថា ហាក់បីដូចជាពុំសូរយកចិត្តទុកដាក់បញ្ហានេះឡើយ (sic)៕