2023-09-14 11:09
213

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើង ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលពូកែខាងបង្ហោះម៉ូតូលេីផ្លូវជាតិលេខ៤ ត្រូវបានកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនយកមកសាកសួរ និងធ្វើការអប់រំណែនាំ និងកិច្ចសន្យាឱ្យអាណាព្យាបាលមកធានាបញ្ឍប់ការបង្ហោះម៉ូតូបែបនេះទៀត។ 

សូមជម្រាបថា ក្រោយទទួលបានព័ត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីហេតុការណ៍ក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវរហូតដឹងនិងស្គាល់អត្ដសញ្ញាណក្រុមក្មេងទំនើងបង្ហោះម៉ូតូ។ ជាក់ស្ដែងដោយបានកិច្ចសហការពីកំលាំងនគរបាលមូលដ្ឋានស្រុកសំរោងទង ប៉ុស្ដិ៍នគរបាលរដ្ឋបាល ជំនាញព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដបានធ្វេីការនាំក្រុមក្មេងទំនើងរួមជាមួយម៉ូតូយកមកសាកសួរ ។ 

ក្នុងប្រតិបត្តិការនោះជាលទ្ធផល ក្រុមក្មេងដែលសមត្ថកិច្ចនគរបាលឃាត់មានចំនួន ០៤នាក់ , ម៉ូតូចំនួន ០២គ្រឿង ជាមធ្យោបាយប្រព្រឹត្ដកាលពីថៃ្ងទី ១២ កញ្ញា ២០២៣ បន្ទាប់ពីមិនបានចូលសាលា នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងទិសដៅពីលិចទៅទិសខាងកើត (ទីរួមខេត្ដ👉ស្រុកសំរោងទង) ។ 

ក្រោយការសាកសួរ បានឆ្លើយទទួលស្គាល់ថាពិតជាបានធ្វើការបង្ហោះម៉ូតូ និងថតរូបវីដេអូ បង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក ចែករំលែកជាសាធារណៈ ដោយចង់បង្អួតដល់អ្នកដទៃថាខ្លួនអស្ចារ្យ។

 បច្ចុប្បន្នក្រុមក្មេងទំនើងត្រូវបានធ្វើកិច្ចសន្យានិងបានអញ្ជើញមាតាបិតា មកទទួលដឹងឮបញ្ឍប់សកម្មភាពដូចខាងលេី ក្នុងករណីមិនរាងចាល សមត្ថកិច្ចនិងអនុវត្ដផ្លូវច្បាប់៕