2023-09-15 09:09
240

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានថ្លែងថា «ភាពជឿទុកចិត្តចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៣ នេះ។

អ្នកនាំពាក្យក្រសួងការបទេស បានឱ្យដឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះថា នៅចំពោះមុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយថ្មីៗនេះដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចតទៅ៖
១- ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការ អះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួម ទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការ ប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។

២- ការបំភ្លេចចោលដោយចេតនាចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា គឺជាឧទាហរណ៍ន ការអត្ថាធិប្បាយប្រកបដោយភាពលម្អៀងរបស់អង្គការ HRW ជោគជ័យរបស់កម្ពុជា ជាច្រើន រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការគាំពារសង្គមសម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះ កម្មវិធីជាគំរូក្នុងការផ្តល់វ៉ាក់សាំង កូវីដ-១៩ ភាពប្រសើរឡើងនៃអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការរីកចម្រើនក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ត្រូវបានមើលរំលងជាប្រព័ន្ធដោយអង្គការមួយនេះ។

៣- វឌ្ឍនភាពគួរឱ្យកោតសរសើររបស់កម្ពុជា ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) របស់ខ្លួនត្រូវបានស្ដែងឡើងតាមរយៈអត្រា ៧២,៥% នៃសូចនាករ និងអនុសូចនាករ SDGs របស់កម្ពុជា ដែលកំពុងស្ថិតក្នុងមាគ៌ាសម្រេចបានតាមគោលដៅកំណត់។ គួរឱ្យកត់សម្គាល់ដែរថា ឯកអគ្គរដ្ឋទូតលោកខាងលិចមួយរូបប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកសរសើរកម្ពុជាថា ជាប្រទេសនៃ «អព្ភូតហេតុសេដ្ឋកិច្ច»។

៤- ការថ្លែងថា ការបោះឆ្នោតទូទៅឆ្នាំ២០២៣ ត្រូវបានធ្វើឡើងក្រោមការរឹតត្បិតលំហយ៉ាងធ្ងន់ធ្ងរនោះ គឺមិនមែនជាការពិតទាល់តែសោះ។ ការពិត ការបោះឆ្នោតនេះ ដែលមានគណបក្ស ចំនួន ១៨ប្រកួតប្រជែងគ្នា ជាមួយនឹងអត្រានៃអ្នកទៅចូលរួមបោះឆ្នោតដ៏គួរឱ្យកត់សម្គាល់រហូតដល់ជិត ៨៥% បានគូសបញ្ជាក់ពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាទៅវិញទេ។ កំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ គឺជាសក្ខីភាព បញ្ជាក់ពីការជឿជាក់របស់ប្រជាពលរដ្ឋ ចំពោះដំណើរការបោះឆ្នោត និងបញ្ជាក់ពីការបដិសេធរបស់ពួកគាត់ ចំពោះការអំពាវនាវឱ្យធ្វើពហិការ ចំពោះការបោះឆ្នោតពីសំណាក់អ្នកនយោបាយជ្រុលនិយម។ សេចក្ដីថ្លែងការណ៍នានា របស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលតំណាងឱ្យ ៦៥ប្រទេស បានសបញ្ជាក់ឱ្យឃើញថា “ការបោះឆ្នោតទូទៅ នេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ជាធរមាន”។

៥- អង្គការ HRW  តែងតែធ្វើមិនដឹងមិនឮម្ដងហើយម្ដងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះ ថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន។ ក្រុមនោះបានផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្អួចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សា និងស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវដោយចំហឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ សកម្មភាពបែបនេះ គឺផ្ទុយទៅនឹងគោលការណ៍នៃការបញ្ចេញមតិប្រកបដោយភាពទទួលខុសត្រូវ និងតាមបែបលទ្ធិប្រជាធិបតេយ្យ។

៦- ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពី ឆ្នាំ ២០១៤ នៅពេលដែលអតីតឧបការី នៃអគ្គលេខាធិការ អ.ស.ប ចំនួន 0១រូប ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ចំនួន 0២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេងទៀត បានធ្វើការរិះគន់ជាសាធារណៈចំពោះភាពលំអៀង និងស្តង់ដាពីរដែលអង្គការមួយនេះបានប្រកាន់យក៕