2023-09-15 10:09
120

ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេស ក្រោមអធិបតីភាព  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គស្នងការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយការិយាល័យចំណុះអង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធប្រមាណ ៩៥រូប។

នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ ក្នុងរយៈពេល ០៩ខែ នៃឆ្នាំ២០២៣ និងរយៈពេល ០៩ខែ ក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅមានការថយចុះគួរឱ្យកត់សំគាល់ ប៉ុន្តែកិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នេះនៅតែបន្ត ដើម្បីកុំឱ្យបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល យល់ច្រឡំ ហើយអនុវត្តខុស ព្រោះថាការរៀបចំច្បាប់ចរាចរណ៍ គឺក្នុងន័យដើម្បីលុបបំបាត់នូវគ្រោះថ្នាក់ចរាចរណ៍ បង្កើននូវសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ ក្រុមការងារត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានទូលំទូលាយ ហើយគ្រប់មន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តវិន័យ បំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។

ជាចុងក្រោយ  នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ស្នងការនគរបាលខេត្ត ដែលមានរោងចក្រច្រើន មានកម្មករ កម្មការរិនីរោងចក្រច្រើន ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើដំណើររបស់ពួកគាត់ ក្នុងករណីមានការធ្វេសប្រហែសមានគ្រោះថ្នាក់ អាចបង្កឱ្យមានអ្នកស្លាប់ និងរបួសច្រើន ជាក់ស្តែង ខេត្តដែលមានរោងចក្រច្រើន មានដូចជាខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំងជាដើម។ ជាមួយគ្នានោះ ត្រូវបន្តពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សចេញចូលសាលារៀន ឱ្យបានជាប់ជាប្រចាំចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់កុំឱ្យមានគ្រោះថ្នាក់៕