2023-09-15 10:09
142

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញចុះឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសបានសម្រេចគេចខ្លួនបានជាង២ម៉ោង។

ការចុះឃាត់ខ្លួនជនសង្ស័យរូបនេះកាលពីម៉ោង២រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលលេខ 1A10 ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចនគរបាលខណ្ឌដូនពេញបានឲ្យដឹងថាជនសង្ស័យឈ្មោះ ថេត ម៉ៅ ហៅលី  អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់លេខ1A10 ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ចំណែកជនរងគ្រោះមានឈ្មោះ BORIOT ELENA ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់Big easy ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនះ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាមុនពេលកើតហេតុថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង១១និង៣០នាទីស្រ្តីជនរងគ្រោះឈ្មោះ Boriot elena អាយុ២៨ ឆ្នាំ ជនជាតិអុីតាលី បានមកអង្គុយលេងនៅលើសួនច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ជាមួយនឹងមិត្តប្រុសរបស់ខ្លួនបានមួយសន្ទុះ ស្រាប់តែជនសង្ស័យម្នាក់បានធ្វើសកម្មភាព លួចយកទូរស័ព្ទដៃរបស់ស្រ្តីជនរងគ្រោះដែលបានទុកខាងក្រោយខ្នង បានសម្រេច ពេលនោះជនរងគ្រោះនឹងមិត្តប្រុសបានឃើញក៏ស្រែករត់ដេញតាមតែមិនទាន់ទើបជនសង្ស័យរត់គេចខ្លួនទៅបាត់។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានទទួលព័ត៌មានចុះដល់កន្លែងកើតហេតុ ពិនិត្យកាមេរ៉ាសុវត្តិភាព ឃើញអត្តសញ្ញាណជនសង្ស័យជាមុខសញ្ញាចាស់ ភ្លាមនោះសមត្ថកិច្ចបាននាំជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដាក់ពាក្យបណ្តឹង ហើយកម្លាំងសមត្ថកិច្ចជំនាញបានបន្តស្រាវជ្រាវ រហូតដល់បន្ទប់ជួល របស់ជនសង្ស័យខាងលើនេះ នៅក្នុងភូមិសាស្រ្ត ខណ្ឌឬស្សីកែវ និងឃាត់ខ្លួនជាក់ស្តែងភ្លាមរួមនឹងវត្ថុតាងទូរសព្ទដៃរបស់ស្រ្តីរងគ្រោះមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីសាកសួរ។វត្ថុតាងចាប់យកទូរស័ព្ទម៉ាក samsung s21 ultra ពណ៌ខ្មៅ(ប្រគល់ឲ្យស្រ្តីរងគ្រោះវិញ)។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី១ដើម្បីកសាងសំណុំរឿងបញ្ជូូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការបន្តតាមនីតិវិធី ៕