2023-09-15 04:09
157

ភ្នំពេញ៖ ខុទ្ទការល័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញប្រតិកម្ម និងស្នើរឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សហការ ធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់ ចំពោះជនល្មើស និងបក្ខពួកដែលបានក្លែងបន្លំយកឋានៈ និងតួនាទីដោយអះអាងថា ខ្លួនជាជំនួយការថ្នាក់ដឹកនាំជាន់ខ្ពស់ ឬជាមន្ត្រីតាមក្រសួងនានា ដើម្បីកេងចំប្រវ័ញទាញយកប្រយោជន៍ផ្ទាល់ខ្លួន។

 នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខុទ្ទកាល័យសម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា “ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរដែលនៅតាមកន្លែងទាំងនោះ សហការក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន”។

 ខុទ្ទការល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ០២ច្បាប់”។ ខុទ្ទកាល័យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់៕