2023-09-15 05:09
136

ភ្នំពេញ៖ បុគ្គលម្នាក់ដែលថ្លើមធំក្លែងព្រះរាជក្រឹត្យតែងតាំងខ្លួនឯង ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ និងជាជំនួយការសម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវកម្លាំងនាយកដ្ឋានសន្តិសុខ អគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនហើយ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មានប្រតិកម្មពីខុទ្ទការល័យសម្តេចនាយករដ្ឋមន្ត្រី និងបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចសហការស្រាវជ្រាប់រកជនល្មើសយកផ្តន្ទាទោសតាមនិតិវិថីច្បាប់។

 តាមប្រភពព័ត៌មានបានឱ្យដឹងថា បុគ្គលមានឈ្មោះ ហុក ប៊ុនរ៉េត មានទីលំនៅ ផ្ទះលេខ១៥៥ ផ្លូវ៧A សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានតាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

 បុគ្គល ហុក ប៊ុនរ៉េត ក្រោយពីសមត្ថកិច្ចនាយកដ្ឋានសន្តិសុខ នៃអគ្គស្នងការនរជាតិ ឃាត់ខ្លួន បានសារភាពថា “ខ្លួនពិតជាបានក្លែងព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួន ០២សន្លឹពិតប្រាកដលមែន”។ ព្រះរាជក្រឹត្យទី១- តែងតាំងខ្លួនឯង ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១/០៩/២៣ និងព្រះរាជក្រឹត្យតែងទី២- តាំងខ្លួនឯង ជាជំនួយការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៤/០៩/២៣ និងបោះពុម្ភនាមប័ណ្ណក្លែងជា ជាទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង មានឋានៈស្មើ អនុរដ្ឋលេខាធិការទៀតផង។ ជនសង្ស័ងឈ្មោះ ហុក ប៊ុនរ៉េត បានបញ្ជាកថា “ការក្លែងឯកសារទាំងនេះ គឺខ្លួនធ្វើដោយផ្ទាល់ដៃដោយប្រើកុំព្យូទ័ររបស់ខ្លួន តាមកម្មវិធី Microsoft Word និង Adobe Photoshop

 សូមជម្រាបថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ខុទ្ទកាល័យសម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា “ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរដែលនៅតាមកន្លែងទាំងនោះ សហការក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន”។

 ខុទ្ទការល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ០២ច្បាប់”។ ខុទ្ទកាល័យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់៕