2023-09-17 10:09
193

រតនគិរី៖ កូនសិស្សរៀនបើកបររថយន្ត ចំនួន ៣០នាក់ បានចាញ់បោកនាយកសាខាសាលាបង្រៀនបើកបររថយន្ត «ដៃចំណាប់» ប្រចាំខេត្តរតគិរី ម្នាក់ៗខាតបង់លុយអស់ជិត ៣០០ដុល្លារ ក្រោយពេលប្រមូលលុយពីសិស្សរួចបិតសាប៊ូគូតរត់គេចខ្លួនបាត់ស្រមោលឈឹង។ 
    តាមប្រភពពិជនរងគ្រោះ បានឲ្យដឹងថា សាលាបង្រៀនបើកបរ «ដៃចំណាប់» សាខាប្រចាំខេត្តរតនគិរី បោកយកលុយពីពួកគាត់ដែលបានដាក់ពាក្យរៀនបើកបរអស់ជាង ២០០ដុល្លារ ក្នុងម្នាក់ៗដោយយកលុយមុន និងសន្យាចេញប័ណ្ណបើកបរឲ្យពួកគាត់តាមក្រោយ ។ លោក គា កេតុលា ជាជនរងគ្រោះក្នុងចំណោមជាង ៣០នាក់ បានប្រាប់នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះថា «គាត់ទៅសាលាបង្រៀនបើកបរដៃចំណាប់ដែលមានទីស្នាក់ការនៅកណ្តាលក្រុងបានលុង ខេត្តរតគិរី មុននឹងចូលរៀនបើកបរតម្រូវឲ្យបង់លុយមុន ចំនួន ២២០ដុល្លារ ដោយមានចេញក្រដាសវិក័យប័ត្រត្រឹមត្រូវ»។ លោកបានបញ្ជាក់ថា «តាមលោកដឹងមិនមែនតែរូបគាត់ម្នាក់នោះទេ មានបងប្អូនជាច្រើននាក់ (ជាង៣០នាក់) ក្នុងម្នាក់ៗអស់លុយទៅដល់ជិត ៣០០ដុល្លារឯណោះ»។ 
   «ឥឡូវលោកកំពុងតែរៀបចំប្រមូលស្នាមមេដៃជនរងគ្រោះទាំងនោះ ដាក់ពាក្យបណ្តឹងទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តរតគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់» លោក គា កេតុលា បានអះអាងបែបនេះ។

   ជុំវិញការចោទប្រកាន់ខាងលើ ពីសំណាក់អតិថិជនជាសិស្សសាលាបង់លុយចូលរៀនបើកបរនៅសាខាសាលាបង្ក្រៀនបើកបររថយន្ត «ដៃចំណាប់» ខេត្តរតគិរី នៅល្ងាចថ្ងៃទី១៦ ខែកញ្ញានេះ មិនអាចសុំការបំភ្លឺពីនាយកសាខាសាលាបង្រៀនបើកបរបានឡើយ»។ 
    លោក ឃឹម រមន្នី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន ខេត្តរតនគិរី ថា «ឃើញសាលាខានោញនោះបានបិទទ្វារទៅហើយ ប៉ុន្តែរឿងលុយកាតលោកមិនដឹងទេរងចាំសួរគេឯងសិន»៕