2023-09-21 08:09
164

ភ្នំពេញ៖ ក្រោយពីមានការបង្ហោះចែកចាយនូវរូបភាពវីដេអូអំពីសកម្មភាពអំហិង្សាយ៉ាងសាហាវព្រៃផ្សៃលើយុវតីម្នាក់ទៀត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ត្រីជំនាញបើកការស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះ ដើម្បីនាំខ្លួនក្រុមជនបង្កមកសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់។ 

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា «ករណីហិង្សារវាងស្រ្តីមួយក្រុមវាយទាត់ទាក់ទៅលើស្រ្តីម្នាក់ទៀតដែលកំពុងដេកដួលក្នុងបន្ទប់ ក្រោយពីបានឃើញព័ត៌មាននេះភ្លាមឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ ដើម្បីមានវិធានការតាមផ្លូវច្បាប់»។ 

ក្រុមការងារប្រតិកម្មរហ័ស បានបញ្ជាក់ទៀតថា « ជាមួយនោះក៏អំពាវនាវប្រជាពលរដ្ឋជួយសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីស្វែងរកទីតាំងដែលមានអំពើហិង្សានោះ។ ឯកឧត្តមស្នងការបានបញ្ជាក់ច្បាស់ថាករណីនេះដោយមិនអាចលើកលែងបានទេ»។ 

តាមគណនីហ្វេសប៊ុកឈ្មោះ Bro Seth បានសរសេរថា «ករណី ព្រួតវាយទៅលើនារីម្នាក់ ហើយត្រូវ បានជនសង្ស័យគំរាមកុំអោយប្រាប់ម្តាយ ឪពុក។ ករណីខាងលើនេះ កើតឡើងនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ទៀបភ្លឺ ដែលស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ»។

យោងតាមវីដេអូឃ្លីបមានរយៈពេលជាង ១នាទី បានបង្ហាញអំពិសកម្មភាពនារីមួយក្រុមមានគ្នាប្រមាណ ៣ទៅ៥នាក់ បានធ្វើសកម្មភាពវាយទាត់ និងយកស្បែកជើងវាយទៅលើនារីម្នាក់ទៀត ដែលកំពុងដេកលើឥដ្ឋការ៉ូយ៉ាងសាហាវឃោរឃៅបំផុត ស្ថិតក្នុងបន្ទប់មួយ ដែលមហាជនសន្និដ្ឋានថា អាចស្ថិតក្នុងភូមិសាស្ត្រមូលដ្ឋានរាជរាជធានីភ្នំពេញ។ 

បើតាមរូបភាព នៃវីដេអូទាំងការស្លៀកពាក់ និងកាយវិកាដ៏សាហាវរបស់នាងៗទាំងអាចបញ្ជាក់បានថា ជាក្រុមនារីៗបែកស្លុយដើរលេងគេចសាលា ឬគេចផ្ទះសម្បែងមិនត្រាប់តាមការណែនាំអាណាព្យាបាលឡើយ ប៉ុន្តែក្រោយពីការចែករំលែកសកម្មភាព នៃអំពើហិង្សាខាងលើនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងជំនាញត្រូវចុះស្រាវជ្រាវរកករណីនេះជាបន្ទាន់ និងស្នើសុំឲ្យមានការចូលរួមសហការផ្តល់ព័ត៌ទីកន្លែងកើត ដើម្បីជាដើមទន់ក្នុងការស្រាវជ្រាវផងដែរ៕