2023-09-21 11:09
157

ភ្នំពេញ៖     មុខសញ្ញាក្រុមដៃស្អិតម្នាក់ និងអ្នកពាក់ព័ន្ធ ០៣នាក់ទៀត ត្រូវបានកម្លាំងល្បាតនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រះឃើញរួចធ្វើការបង្ក្រាប និងឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី។

នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហ៊ួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានជិះល្បាតតាមដងផ្លូវ ក៏បានប្រទះឃេីញជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាក់លេខប៉ៃលិន1C-8935 បានធ្វេីសកម្មភាពឆក់ទូរសព្ទដៃ ពីជនរងគ្រោះជាជនជាតិចិន បានសម្រេចត្រង់ចំណុច ផ្សាររតនាផ្លាហ្សា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ភ្លាមៗនោះកម្លាំងជំនាញធ្វើការដេញបង្ល្រាបដោយដកហូតបាន ម៉ូតូចំនួន ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន1C-8935។ ម៉ូតូនេះ ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់ក កាលពីពេលកន្លងទៅថ្មីៗនេះ ហើយបន្ដយកមកជិះធ្វើសកម្មភាពឆក់ទូរសព្ទដៃរបស់ជនរងគ្រោះ។

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំជនរងគ្រោះឈ្មោះ WANG JIN NAN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មកដាក់ពាក្យបណ្ដឹងនៅការិយាល័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវដេីមត្រាំង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ក្រោយបានចម្លើយសារភាព ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចជំនាញបានបន្ដទៅឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យ និងបានប្រទះឃើញសោសម្រាប់កាច់កម៉ូតូ ចំនួន ០២បន្ថែមទៀត។

រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ វេលាម៉ោង ១៥និង៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល អធិការដ្ឋានស្រុកស្អាង បាននាំជនសង្ស័យឈ្មោះ លឹម ធារ៉ា ចង្អុលបង្ហាញមុខសញ្ញាដែលទទួលផលចោកម្មឃាត់ខ្លួនបានត្រង់ចំណុច ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ចំនួន ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ នុត នន់ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ទី២- ឈ្មោះ មាំង ម៉ាប់ អាយុ ២០ឆ្នាំ ស្នាក់នៅ ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៣- ឈ្មោះ តុល ភា អាយុ ៣១ឆ្នាំ ស្នាក់ភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សម្ភារៈដកហូតម៉ូតូ ចំនួន ០២គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ តាកែវ 1C-5710 និងម៉ាក Honda Cub ពណ៍ទឹកប៊ិច ពាក់ផ្លាកលេខ តាកែវ 1B-8767។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕