2023-09-21 04:09
164

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីចែកចាយជួញដូរគ្រឿងញៀនខុសច្បាប់។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះព្រំ រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិដូងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងនិងឈ្មោះព្រុំ ខ្នា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុករមាសហែក។

ប្រភពបន្តថា កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង១០និង១៥នាទីព្រឹក មានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុករមាសហែកថានៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែកមានការចែកចាយជួញដូរគ្រឿងញៀនខុសច្បាប់។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញនគរបាលស្រុកបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុរហូតដល់ម៉ោង១១និង១០នាទីព្រឹកទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ ព្រំ រតនា និងដកហូតយកវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹកម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿងនិងសម្ភារប្រើប្រាស់មួយចំនួន។

ក្រោយពីបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ព្រុំ រតនា ដែលត្រូវបានសមត្ថកិច្ចនគរបាលស្រុករមាសហែកឃាត់ខ្លួនបានសារភាពថា ថ្នាំញៀនដែលខ្លួនទិញយកមកចែកចាយបន្តនេះគឺទិញពីឈ្មោះ ព្រុំ ខ្នា ទើបសមត្ថកិច្ចបានឱ្យធ្វើការទាក់ទងទៅដើម្បីណាត់កន្លែងទិញលក់ថ្នាំញៀននៅចំណុចភូមិដូង ឃុំដូង ស្រុករមាសហែក។ រហូតដល់ម៉ោង  ១និង១០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញនគរបាលស្រុករមាសហែកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រុំ ខ្នា និងដកហូតសម្ភារវត្ថុតាងម្សៅក្រាមពណ៌សថ្លា ០២កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿងផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមច្បាប់៕