2023-09-22 04:09
147

ខេត្តកណ្ដាល៖ បុរសម្នាក់ចេញពីផ្ទះទៅរកកង្កែបដើម្បីធ្វើម្ហូប ខណៈមេឃកំពុងតែភ្លៀងខ្លាំង ជាអកុសលត្រូវរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី នៅចំណុចបឹង ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ិន ប្រុស ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១០២៣ វេលាម៉ោងប្រហែល២០ ខណៈមេឃកំពុងតែភ្លៀងខ្លាំងលាយឡំជាមួយផ្គររន្ទះ ជនរងគ្រោះបានចេញពីផ្ទះដើម្បីទៅរកកង្កែបនិងត្រីធ្វើម្ហូប លុះដល់ម៉ោង២០និង៣០នាទី ទើបមានអ្នកដែលទៅរកកង្កែបដូចគ្នាឈ្មោះ យ៉ន ភា និងឈ្មោះ គួយ តាំ បានប្រទះឃើញជនរងគ្រោះក៏រត់មកប្រាប់ប្រពន្ធនិងកូនស្រីថា ប្ដីរបស់បងត្រូវរន្ទះបាញ់ស្លាប់នៅជាប់មាត់បឹង។ ពេលប្រពន្ធនិងកូនឮដូចនេះក៏ចេញដំណើរទៅដល់ឃើញប្ដីរបស់ខ្លួនស្លាប់ពិតមែន ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំនិងមេភូមិអនុភូមិ។ នៅពេលដែលមេឃកំពុងភ្លៀងនោះសមត្ថកិច្ចប៉ុស្តិ៍និងលោកមេភូមិបានចុះទៅដល់កន្លែងកើតហេតុឃើញជនរងគ្រោះពិតជាបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។  បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅផ្ទះដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕