2023-09-23 08:09
192

(ត្បូងឃ្មុំ)៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ សហការជាមួយរដ្ឋបាលខេត្ត បន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងចែកមួកសុវត្តិភាព ក្នុងគោលបំណងបញ្រ្ជាបចំណេះដឹងដល់សិស្សានុសិស្សចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាឱ្យមានតំបន់សុវត្ថិភាព នៅជុំវិញបរិវេណសាលារៀន។

ក្នុងពិធីផ្សព្វផ្សាយអប់រំនេះបានធើ្វឡើងនាព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ ស្ថិតនៅកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នាឱកាសនោះលោក កេង ប៊ុនណា បានឱ្យដឹងថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់សិស្សានុសិស្ស និងអ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោកអភិបាលរងខេត្ត បានបន្តថា សិស្សានុសិស្សដែលចូលរួមបានឆ្លើយសំណួរយកមួកសុវត្ថិភាព នៅក្នុងយុទ្ធនាការនេះ ស្ដីពីកាយល់ដឹងច្បាស់អំពីច្បាប់ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងការពារកុំឱ្យគ្រោះថ្នាក់ផងដែរ។ ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ ប្អូនៗសិស្សានុសិស្សនឹងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៃទៀត ឱ្យបានយល់ដឹងផងដែរ។

លោក កេង ប៊ុនណា បានបញ្ជាក់ថា៖ «ការពាក់មួកសុវត្ថិភាពមួយ គឺអាចជួយអាយុជីវិតយើងបានម្នាក់ ដូច្នេះសូមកុំបើកបរ ដោយមិនពាក់មួកសុវត្ថិភាពឱ្យសោះ ហើយកន្លងមកអាជ្ញាធរខេត្ត ក៏មន្ត្រីជំនាញពាក់ព័ន្ធ តែងតែចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជូនដល់សហគមន៍ សាលារៀនទូទាំងខេត្តត្បូងឃ្មុំជាច្រើនដងរួចមកហើយ ដូច្នេះពេលនេះយើង នៅតែបន្តទៀត ជាមួយការផ្សព្វផ្សាយច្បាប់ និងចែកមួកសុវត្ថិភាព»។

សូមជម្រាបថា ក្នុងយុទ្ធនាការនេះ បានចែកជូនសម្ភារៈ និងឯកសារមួយចំនួនរួមមាន៖ មួកសុវត្ថិភាព៥០មួក  សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក១៨០ក្បាល   សៀវភៅម៉ូតូ អ្វីដែលបើកបរទោចក្រយានយន្តត្រូវដឹង៦០០ក្បាល   ឯកសារជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក សម្រាប់ផ្សព្វផ្សាយ ប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ៦០០សន្លឹក  ផ្ទាំងថ្មើរជើង២០ផ្ទាំង ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ២០ផ្ទាំង  ស្ទីឃ័រចំណាំផ្លាតចំនួន៦ដុំ  ខិតបណ្ណសុវត្ថិភាពក្នុងការបើកបរយានយន្តចំនួន ៦ដុំ៕