2023-10-29 11:10
411

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា គម្រប់ខួប១៩ឆ្នាំ។
​​   ពិធីនេះត្រូវបានធ្វើឡើងនៅអគារជាន់ក្រោមសាលាខេត្ត ស្ថិតក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀត។
   ក្នុងព្រះរាជឱកាសដ៏បវរសួស្ដីមហាជ័យមង្គលថ្លៃថ្លានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានថ្លែងថា៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លា ទូលព្រះបង្គំជាខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ត្រខ្មែរទូទាំងខេត្តពោធិ៍សាត់ សូមព្រះបរមរាជានុញ្ញាត អភិវន្ទ លំឱនកាយវាចាចិត្តសម្តែងនូវអំណរសាទរឥតឧបមា សូមថ្វាយសព្ទសាធុការពរជ័យ ថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។
   ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សូមសម្តែងថ្វាយនូវកតញ្ញូកតវេទី យ៉ាងជ្រាលជ្រៅចំពោះ ព្រះមហាករុណាទិគុណ ព្រះព្រហ្មវិហារធម៌ដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកយ៉ាងថ្លៃថ្លា ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈកាលកន្លងមក និងជានិច្ចនិរន្តរ៍។
   ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួង ដល់ទេវតាថែរក្សាព្រះរាជា ណាចក្រកម្ពុជា គុណបុណ្យនៃព្រះរតនត្រ័យកែវទាំងបី ឫទិ្ធបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមី នៃទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ឫទ្ធិបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ព្រមទាំងបុណ្យបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសឫទ្ធិបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គបានប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិ នានា និងទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិជាម្លប់ ដ៏ត្រជាក់ត្រជំ សម្បូរសប្បាយ ចម្រុងចម្រើនថ្កុំថ្កើងរុងរឿង របស់ ទឹកដីសុវណ្ណភូមិ សម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍ តរៀងទៅ៕