2023-10-30 04:10
310

(កំពត) ៖     នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣នេះលោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត បានប្រាប់ឲ្យដឹងថា ពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណីនៅខេត្តកំពតឆ្នាំនេះបានត្រៀមរួចរាល់ហើយហើយរដ្ឋបាលខេត្តកំពតបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីការត្រៀមរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់និងការរៀបចំហេដ្ឋារចលនាសម្ព័ន្ធផ្សេងៗ និងការកែលម្អតុបតែងសោភ័ណ្ឌភាពតាមទីសាធារណៈក្នុងក្រុងកំពតជាពិសេសកន្លែងរៀបចំពិធីតែម្ដង។

 មន្ត្រីជំនាញបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ គណៈកម្មការរៀបចំបានការត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ពិធីប្រណាំងទូកង ដែលនឹងធ្វើឡើងនៅបរិវេណខាងមុខសាលាខេត្តចាស់និងចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិការខាងមុខនេះ។

 ក្រោមកិច្ចចង្អុលបង្ហាញ ដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តមអភិបាលខេត្តនិងរំពឹងថា នឹងពលរដ្ឋ និងទេសចរមកចូលរួមច្រើនជាងមុខ ខណៈដែលក្រុមកីឡាករកំពុងរីករាយក្នុងការហ្វឹកហាត់។

 លោក តាក ហាប់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពត បានបញ្ជាក់ថា ឆ្នាំនេះមានទូក (ង) មានចំនួន៣០ទូក ដែលបានមកចូលរួមប្រណាំង ហើយបច្ចុប្បន្នក្រុមកីឡាករទូកនិមួយៗ កំពុងធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីដណ្តើមយកឈ្នះគូប្រកួត។

 លោករំពឹងថាពីធីប្រណាំងទូកងនៅខេត្តកំពតលើកនេះ និងអាចទាក់ទាញអ្នកចូលរួមទស្សនាបានកាន់តែច្រើនជាងមុន។ ចំណែក កីឡាករទូកង កំពតសែនជ័យបារមីសន្តិភាព លោក សាំង សុភារ៉ន បានឲ្យដឹងថា ក្រុមកីឡាករទាំងអស់បានមកហ្វឹកហាត់នៅតាមបណ្តោយដងព្រែកកំពង់បាយជាង១០ថ្ងៃមកហើយនោះ ក្នុងមួយថ្ងៃហាត់ពីរពេល មួយពេល២ម៉ោង។

 លោក សាំង សុភារ៉ន បានបញ្ជាក់ថា លោកគឺជានិស្សិតម្នាក់ មិនមែនកីឡាករអាជីពទេ ប៉ុន្តែដោសារការស្រឡាញ់ ពេញចិត្តព្រោះយល់ថាកម្មវិធីល្អសម្រាប់ពលរដ្ឋខេត្តកំពត ភ្ញៀវទេសចរ និងដើម្បីបានចូលរួមថែរក្សាកីឡាប្រពៃណីរបស់ដូនតាខ្មែរផង ទើបលោកស្ម័គ្រចូលរួមប្រកួត ខណៈដែលគ្រូបង្វឹងទូក (ង)  លោក អ៊ុង សេន ឯនោះវិញ បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ នឹងភ្ញៀវទេសចរណ៍អន្តរជាតិ សូមមកជួយគាំទ្រ ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករឲ្យបានច្រើនកុះករនាថ្ងៃទី ១០ ដល់ថ្ងៃទី១១ ថែវិច្ឆិកាឆ្នាំ២០២៣នាពេលខាងមុខនេះ។ 

 តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ក្នុងពីធីប្រណាំងទូក ង ខ្នាតប្រពៃណីឆ្នាំនេះនឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ ដូចជាការរៀបចំស្តងពិព័រណ៍ទំនិញ  ស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ ការប្រគុំតន្ត្រី ការដុតកាំជ្រូច និងបង្ហោះគោម បណ្តែតប្រទីបជាដើម។

(សឹង រ៉ាត់)