2023-10-31 04:10
305

ប៉ៃលិន÷សេចក្តីជូនដំណឹង ស្តីពីការផ្តល់កន្លែងស្នាក់នៅ និងអាហារ ព្រមទាំង កន្លែងងផ្ញើ កង ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅមណ្ឌលប្រឡងខេត្តប៉ៃលិន

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន មានកិត្តិយសសូមគោរពជម្រាបជូន ដល់មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និងបេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានជ្រាបថា៖ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្ដម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងការសម្រួលដល់ការស្នាក់នៅ និងអាហារ សម្រាប់សិស្សានុសិស្សដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងការរក្សាយានជំនិះកង់-ម៉ូតូ…របស់បេក្ខជននាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរអប់រំយុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ចរៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងផ្ញើយានជំនិះកង់-ម៉ូតូ…ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងទាំងអស់។


សម្រាប់កន្លែងស្នាក់នៅផ្តល់ជូនបេក្ខជនមានទីលំនៅឆ្ងាយ ស្ថិតនៅផ្ទះសំណាក់គ្រូបង្រៀន ក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទីកន្លែងទទួលផ្ញើយានជំនិះកង់-ម៉ូតូ បេក្ខជន នៅថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅបរិវេណខាងក្រៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែនក្រុងទេពនិម្មិតប៉ៃលិន ។

អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូម មាតាបិតា អាណាព្យាបាល បេក្ខជន-បេក្ខនារី ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា មេត្តាជ្រាបជាព័ត៌មាន និងទំនាក់ទំនងមកក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ លេខាធិការដ្ឋាន ស.ស.យ.ក. ខេត្ត ០៦៩ ៦១ ៩៨៨០, លោក ពិន តារា ០៩៧ ៧៥៧ ២០៤០ និងលោក ភាព ភន ០៧៧ ៥៨ ០០ ១២។ដោយ,ស សារឿន