2023-10-31 04:10
367

ភ្នំពេញ ៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួន នាយកក្រុមហ៊ុនអចលនទ្រព្យយ៉ាថៃជីគ្រុប ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ 
ជនត្រូវចោទមានឈ្មោះ ជុំ វិចិត្រ ភេទប្រុស អាយុ៥៧ ឆ្នាំ មុខរបរ ជានាយកក្រុមហ៊ុនអចលនទ្រព្យយ៉ាថៃជីគ្រុប មានទីលំនៅមុនចាប់ខ្លួនផ្ទះលេខ១៦២ ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ 


តាមដីកាបង្គាប់ឲ្យឃុំខ្លួនបានដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការ ពិនិត្យពីបទ.ឆបោក នឹងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុង ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ។ 

បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។ ភ្នាក់ងារមានសមត្តកិច្ច នៃកងកម្លាំងសាធារណៈ ត្រូវធ្វើការនាំជនត្រូវចោទឈ្មោះ ជុំ វិចិត្រ ទៅដាក់មណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ។ 


សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្យកិច្ច កងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសួរដំណើររឿងពីបទ.ឆ បោកប្រាក់ ប្រមាណជាង៨០ ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធករណីទិញលក់ដីធ្លី ។

ក្រោយពីសាកសួរតំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ និងចាត់បញ្ជូនទៅខាងចៅក្រមសម្រេចឃុំខ្លួននាយកក្រុមហ៊ុនរូបនោះដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕