2023-11-01 06:11
251

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជាក់ស្ដែងយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។  លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីយប់ថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០នាទី នៅចំនុចភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ 

បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា លោកបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ និងបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ក្នុងនោះសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខេង ឃុន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ 

-វត្ថុតាងចាប់យកបានរួមមាន៖ 
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លាចំនួន០១ថង់ទម្ងន់១,៥២ក្រាម(ទាំងសំបក)សង្ស័យមានសារធាតុញៀន 
-ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន 
-ប្រាក់រៀលចំនួន ១៩,០០០ រៀល(មួយម៉ឺនប្រាំបួនពាន់រៀល)។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕