2023-11-02 05:11
346

ភ្នំពេញ៖ ទីបំផុតវាសនារបស់អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន «ពិភពដីមាស» និងកងអង្គរក្ស ចំនួន ០៥នាក់ទៀត សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យដោះលេងចេញពីពន្ធនាគារ PJ  ឲ្យនៅក្រៅឃុំបណ្រោះអាសន្នយ៉ាងរំភើយ។ 

តាមប្រភពដែលស្និតនឹងពន្ធនាគារ PJ រាជធានីភ្នំពេញ បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា «ពិរុទ្ធជនអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស ដែលជាប់ចោទឆបោកប្រាក់ពីអតិថិជន តាមរយៈការវិនិយោគដាក់ប្រាក់ទិញដីឡូត៍ទទួលបានផលលាភខ្ពស់នោះ និងបក្ខពួក ០៥នាក់ទៀត ត្រូវបានដោះលេងឲ្យមានសេរីភាពហើយ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ»។ 

តាមប្រភពគួរឲ្យទុកចិត្តបានឲ្យដឹងទៀតថា ការដោះលែងលពិរុទ្ធជន អ្នកឧកញ៉ា ហ៊ី គឹមហុង និងគូកនឲ្យនៅក្រៅឃុំ ធ្វើឡើងតាមសេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី០១ ខែវិច្ឆិកា  ឆ្នាំ២០២៣។ 

សូមជម្រាបថា ពិរុទ្ធជនអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស ត្រូវបានឃាត់ខ្លួននៅនឹងទីស្នាក់ការក្រុមហ៊ុន នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយពីមានការប្រទូស្តរាយផ្ទុះអាវុធគំរាមគ្នារវាងសមត្ថកិច្ច និងកងអង្គរក្ស ខណៈសមត្ថកិច្ចចុះអន្តរាគមតាមបណ្តឹងរបស់ជាពលរដ្ឋរាប់ពាន់នាក់ដែលរងគ្រោះ ហើយនាំគ្នាតវ៉ាដល់ស្នាក់ការរបស់ក្រុមហ៊ុន។       

ក្រោយចាប់ខ្លួន អ្នកឧកញ៉ា ហ៊ី គឹមហុង ត្រូវតុលាការបានចោទប្រកាន់ពីបទៈ រំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ និងត្រូវឃុំខ្លួនបណ្ដោះអាសន្នអ្នកពាក់ព័ន្ធ សរុបចំនួន ០៦នាក់ ចំណែកមនុស្ស-ប្រុស ស្រី ០៨នាក់ទៀត ត្រូវដោះលែងឲ្យមានសេរីភាពវិញ។ ការចាប់ខ្លួនឧកញ៉ារូបនេះ ដោយសារកងការពារជាច្រើននាក់បានប្រើប្រាស់កាំភ្លើងច្រូងច្រាង និងវាយលើសមត្ថកិច្ច និងឈានដល់ផ្ទុះអាវុធជាច្រើនគ្រាប់ ដើម្បីបង្ក្រាបក្រុមរបស់ឧកញ៉ារូបនេះ។       

កន្លងមកក្រុមហ៊ុនពិភពដីមាស ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសំណូមពរឱ្យជួយពន្លឿនក្នុងការរកដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនមួយនេះ។ 

ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់នោះឡើយ ខណៈបុគ្គលិកធនាគារកាន់តែបង្ខំទារលុយដោយនាំគ្នាមកដល់ផ្ទះពួកគាត់ស្ទើររាល់ថ្ងៃ ដោយអ្នកខ្លះមិនហ៊ាននៅផ្ទះទេ ព្រោះបុគ្គលិកធនាគារខ្លះប្រើពាក្យសម្តីពិបាកស្តាប់ណាស់។ ក្រុមហ៊ុនពិភពដីមាស ខកខានផ្តល់លុយជាច្រើនខែមកហើយទៅឱ្យពលរដ្ឋតាមកិច្ចសន្យា។       

យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ពិភពដីមាស ចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លារអាមេរិក)៕