2023-11-03 06:11
282

ភ្នំពេញ៖     លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ បានអញ្ជើញត្រួតពិនិត្យ កងកម្លាំងទាំង៦ផែន សរុបចំនួន ៧២៦នាក់ ក្នុងនោះកងកម្លាំងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន ៥០៣នាក់ និងកងកម្លាំងចំណុះស្នងការដ្ឋាននគរបាលរាជធានីភំ្នពេញ ចំនួន២២៣នាក់ (បម្រុង៤២នាក់) បានធ្វើហ្វឹកហាត់សមរួមគ្នា ដើម្បីត្រៀមចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ នៅបរិវេណ អគ្គស្នងការដ្ឋាននគរបាលជាតិ។

កងកម្លាំងនគរបាលជាតិទាំង៦ផែន បានធ្វើការបែងចែកជា២ រួមមាន ៖ ១-ផែនកងកម្លាំង នៅមុខព្រះបរមរាជវាំង ចំនួន៤ផែន និង ២-ផែនកងកម្លាំងនៅវិមានឯករាជ្យ ចំនួន២ផែន ដោយបានធ្វើការហាត់សមរួមគ្នា ដើម្បីឲ្យមានការឯកភាពគ្នាលើការបញ្ជាដឹកនាំកម្លាំង សំដៅចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនកងកម្លាំងទាំងអស់ និងបានណែនាំឲ្យកងកម្លាំងទាំងអស់ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួនក្នុងពេលកំពុងហ្វឹកហាត់ ក៏ដូចជាក្នុងពេលចូលរួមកម្មវិធី។

សូមរម្លឹកថា ថ្ងៃ៩ វិច្ឆិកា គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ៕