2023-11-04 12:11
283

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបក្លឹបកម្សាន្ត យីហោ «ណាំ ប៊ឺណាយ» ក្នុងខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រីជាង ១០០នាក់មានឃនឃាតិខ្មែរ និងបរទេស ដែលចូលចិត្តគេចផ្ទះ ដើម្បីស្វែករកសេវាកម្សាន្តពេលរាត្រី និងប្រើប្រាស់គ្រឿងញៀនជាដើម។

ប្រតិបត្តិចុះបង្ក្រាបក្លឹបកម្សាន្តដែលជាកន្លែងប្រើប្រាស់ និងជួញដូរគ្រឿងញៀនខាងលើ ធ្វើឡើងដិយកម្លាំងមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលនិតិវិធីរបស់លោក សុត វណ្ណៈ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ។

ករណឯចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តមានបង្កប់សេវាប្រើប្រាស់ និងជួញដូរគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ឆ្លងតាមការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីជំនាញប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) អគ្គស្នងការនគរបាលជាតិ កំណត់បាននៅទីតាំងក្លឹបកម្សាន្ត «ណាំ ប៊ឺណាយ» ខាងលើមានលួចបង្កប់ទៅដោយប្រភេទថ្នាំជក់ ប្រភេទ HAPPY BALLON ឬហៅថា ប៉ោងប៉ោងរីករាយ និងបំពង់ជាច្រើនទៀត ដែលពួកគេនាំគ្នាប្រើប្រាស់ និងរាំក្រវីពេញក្នុងក្លឹបតែមម្តង។

ក្រោយពីកំណត់បានច្បាស់លាស់សមត្ថកិច្ចជំនាញបានស្នើសុំគោលការណ៍តាមឋានុក្រម និងក្រោមការសម្របសម្រួលពីតំណាងអយ្យការទើបកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំកម្លាំងឆ្មក់បង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុស-ស្រី មានខ្មែរ និងបរទេស សរុបជាង ១០០នាក់ យកទៅធ្វើការសួរនាំ និងចាត់វិធានការទៅតាមនិតិវិធីផ្លូវច្បាប់។

ក្រោយការបង្ក្រាបគណៈកម្មការចម្រុះបានសម្រេចបិទក្លឹបកម្សាន្ត យីហោ «ណាំ ប៊ឺណាយ» ជាបណ្តោះអាសន្ន ព្រោះមិនស្តាប់តាមការណែនាំ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានហាមឃាត់ដាច់មិនអនុញ្ញាតឲ្យភោជនីយដ្ឋាន អាហារដ្ឋាន ហាងការ៉ាអូខេ និងមណ្ឌលកម្សាន្តនានាផ្តល់ទីតាំងឲ្យមានការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនដាច់ខាត ប្រសិនបលសមត្ថកិច្ចរកឃើញ ឬបង្ក្រាបបានអាជីវកម្មទាំងនោះត្រូវបិទចោលតែម្តង ដោយមិនលើកលេងឡើយ។

មនុស្សប្រុស-ស្រីជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរតាមនិតិវិធីច្បាប់ ដើម្បីចាត់ការបន្ត៕