2023-11-04 12:11
361

ព្រៃវែង៖ ស្ត្រីអ្នកលក់លើប្រព័ន្ធអនឡាញម្នាក់ និងបក្សពួកចំនួន ០២នាក់ទៀត មានជំនាញ Hack គណនីហ្វេសប៊ុកអ្នកដ៏ទៃ រួចធ្វើសកម្មភាពឆកបោកតាមរយៈចូលឆាតដើម្បីទំនាក់ទំនងធ្វើខ្ចីលុយពីជនរងគ្រោះបាន ៣៩លានរៀល ប៉ុន្តែទីបំផុតត្រូវអស់លក្ខជាប់អន្ទាក់សមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ 

តាមប្រភពព័ត៌មានពីកងរាជអាវុធហត្ថខេត្តព្រៃវែង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ មានករណីឆបោកប្រាក់តាម Wing កើតឡើងនៅចំណុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង  មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានហេគចូលគណនីហ្វេសប៊ុកឈ្មោះ «SAVY HUN» រស់នៅភូមិមានជយ័ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង និងបានឆាតមកម្ចាស់ហ្វេសប៊ុក ឈ្មោះ «Khut Vibol» រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ឱ្យផ្ញើលុយឱ្យ ចំនួន ៣៩,០០០,០០០ រៀល (សាមសិបប្រាំបួនលានរៀល) ដោយសារម្ចាស់អាខោនហ្វេសបុកទាំងពីរជាមនុស្សស្គាល់គ្នាហើយរកស៊ីផ្ញើលុយជាមួយគ្នាទៅវិញទៅមកក៏បានផ្ញើឱ្យក្រោយមកទើបដឹងថាហ្វេសប៊ុករបស់ឈ្មោះ «SAVY HUN» ត្រូវបានគេហេគចូលលេងដើម្បីឆាតខ្ចីលុយ។ 

ប្រភពបន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាឱ្យកម្លាំងជំនាញធ្វើសហការជាមួយក្រុមហ៊ុន Wing ដើម្បីឆែកទីតាំងដកលុយជាលទ្ធឃើញថា ការដកលុយនេះ គឺដកនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

ក្រោយពីក្តាប់បានព័ត៌មានជាក់លាក់កម្លាំងកងរាជអាវុធហត្ថខេត្ដព្រៃវែង ធ្វើការសហការជាមួយអាវុធហត្ថខេត្តព្រះសីហនុ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ អាន ដានិត ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ លក់អនឡាញ រស់នៅភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ និងទី២- ឈ្មោះ នី ចិត្រា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិចំណោទរាម ឃុំបិតប្រាំង ស្រុកព្រៃនប់ ខេតព្រះសីហនុ។ 

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចរឹបអូសសម្ភារជាវត្ថុតាង មានម៉ូតូ ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ០២សន្លឹក, សំបុត្រកំណើត ០១ច្បាប់, សំបុត្របញ្ជាក់កំណើត ០២ច្បាប់, កាតធនាគារ០៥, ប័ណ្ណសម្គាល់យានយន្តច្បាប់ដើម ០១, ប័ណ្ណបើកបរចំនួន ០១, ប័ណ្ណចាក់វ៉ាក់សាំងកូវីត-១៩ ចំនួន០២, លោហធាតុពណ៌លឿងចំនួន ០១ខ្សែ នឹងបន្តោងរូបសត្វចំនួន ០១, ស៊ីមកាតចំនួន ២១ស៊ីម, កាបូបដៃ១, កាបូបយួរដៃ១, សោររថយន្ត១, ស្លាកលេខម៉ូតូព្រះសីហនុ 1J-8234, ទូរសព្ទចំនួន ០៩គ្រឿង, ប្រាក់ដុល្លារ ១ ៤០០ដុល្លារ (មួយពាន់បួនរយដុល្លារ), ប្រាក់រៀល ៣,៩០៣,០០០រៀល។ 
ក្រោយការឃាត់ខ្លួនជនសង្ស៏យទាំង ០២នាក់ សមត្ថកិច្ចបានស្តាប់ចម្លើយជនសង្ស័យ និងសហការជាមួយក្រុមហ៊ុន Wing ឆែកកាមេរ៉ាឃើញមានការដកលុយនៅចំណុចផ្ទះ Wing ឈ្មោះ ផល្លែន នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយកម្លំាងស្នើសុំគោលការពន្លាតដែនដីទៅសហការជាមួយ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីឃាត់ខ្លួនជនសង្ស័យ ០១នាក់ទៀត ឈ្មោះ អ៊ាម គិមរាស ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេតបន្ទាយមានជ័យ។

ចំពោះវត្ថុតាងចាប់យក រួមមាន៖ ទូរសព្ទដៃ ចំនួន ០១គ្រឿង, អត្ដសញ្ញាណប័ណ្ណចំនួន ០១, ប្រាក់រៀល ចំនួន ១,៨០០,០០០ រៀល។ 
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែង ចាត់ការបន្តតាមនីតិវិធីច្បាប់៕