2023-11-04 12:11
255

ភ្នំពេញ ៖ យុវជនម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តម៉ាក Ford Ranger មួយគ្រឿងក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តម៉ាក Toyota Prius មួយគ្រឿងចំពីចំហៀងខាងមុខពេញទំហឹង បណ្ដាលឱ្យរងការខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវភ្លោះផ្សារថ្មី តាមបណ្ដោយផ្លូវលេខ១៣០ កែងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

   បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ផ្ទៃមេឃ និងបិទស្ទីកឃ័រក្រុមហ៊ុនGrab ពាក់ផ្លាកលេខ ភ្នំពេញ 2BB-4269 បើកបរដោយបុរសម្នាក់និងភ្ញៀវម្នាក់រួមដំណើរជាមួយ តាមបណ្ដោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-7399 បើកបរដោយយុវជនម្នាក់ទំនងជាស្រវឹងស្រាក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយក៏បុករថយន្ត Prius ចំពីចំហៀងពីមុខពេញទំហឹង បណ្ដាលឱ្យរងរបួរថយន្តទាំងពីរគ្រឿងខ្ទាតទៅផ្លូវម្ខាងទៀងរងការខូចខាតយ៉ាងដំណំ។ 

   ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ខណៈភាគីរថយន្តទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដែរតែមិនត្រូវគ្នា ។ 
   ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅផ្នែកជំនាញឱ្យមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្ត៕