2023-11-04 12:11
260

 ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿងយ៉ាងលឿន និងមិនប្រយ័ត្នបានរេចង្កូតឡើងលើខឿនទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាបាក់អស់មួយដើមកល់ជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកToyota Prius ពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AZ-4606 បើកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ពីកើតទៅលិចក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃឡើងលើខឿនទ្រូងផ្លូវបន្តទៅបុកបង្គោលស្លាកសញ្ញាពេញទំហឹងបណ្តាលឱ្យបាក់អស់មួយដើមហើយកល់កង់រថយន្តទៅមុខលែងរួចនិងខូចខាតយ៉ាងដំណំ ។ 

   ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានបើកទ្វារចុះគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដើម្បីពិនិត្យនិងទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ខណ្ឌនិងរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំឱ្យភាគីម្ចាស់រថយន្តបង្កមកដោះស្រាយតាមច្បាប់ ៕