2023-11-04 02:11
290

(កំពត)នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថារយៈពេលកន្លងមកថ្មីៗនេះលោកថាខេត្តកំពត មានមណ្ឌលនិងរមណីយដ្ឋានលម្ហែកម្សាន្តមានចំនួន ៣៦កន្លែង នាបច្ចុប្បន្នដែលមានកម្រិតស្តង់ដារ ដូចជាមានសោភ័ណភាពសេវាកម្ម និងសុវត្ថិភាព សម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិដែលមកលេងលម្ហែកម្សាន្ត ពិធីបុណ្យធំៗនៅក្នុងខេត្តកំពតមានរៀបចំពិធីបុណ្យអ៊ុំទូកឆ្នាំនេះនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងឆ្វើពិធីបុណ្យឆ្លងឆ្នាំសកលនៅពេលខាងមុខ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាបឱ្យដឹងថាអំពីសក្តានុពលក្នុងខេត្តកំពតមានសមិទ្ធផលចាស់មកដល់បច្ចុប្បន្ន ខេត្តកំពតមានការកើនឡើងតំបន់រមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍មកពីទីជិតឆ្ងាយហូតដល់ ៣៦កន្លែងដែលសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរាអន្តរជាតិដែលមកលេងកម្សាន្តលម្ហែក្នុងភូមិសាស្ត្រខេត្តកំពត។

ជាមួយគ្នានេះលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងទៀតថាកន្លងមកនេះនៅខេត្តកំពតរមណីយដ្ឋាននិងមណ្ឌលសម្រាបដើរលេងលម្ហែកម្សាន្តទាំងនោះ រួមមាន ទី១ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ទី២ រមណីយដ្ឋានធម្មជាតិ និងទី៣ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់បម្រើភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិទៀតផង។

ចំពោះសេវាស្នាក់នៅមានសន្ទុះកើនឡើងខ្លាំងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខណ:ដែលសំណង់ថ្មីៗក៏កំពុងដំណើរការបន្តបន្ទាប់សព្វថ្ងៃ នៅទូទាំងខេត្តកំពតមានកន្លែងទទួលភ្ញៀវប្រមាណជាង ៥.០០០ ពាន់បន្ទប់ ជាពិសេសនោះប្រភេទបឹងហ្កាឡូ និងរីស៊តជាង១.០០០ និងអាចនិយាយបានថា ខេត្តកំពតជាគោលដៅទេសចរណ៍ឋានសួគ៌នៃរមណីយដ្ឋានគ្រប់បែបបឹងហ្កាឡូ រីស៊តនៅតាមតំបន់មាត់សមុទ្រ និងតំបន់ជ្រោះជ្រលងដងអូរ និងតំបន់មាត់ព្រែក ព្រៃព្រឹក្សាបរិសុទ្ធធម្មជាតិបានអំណោយផល និងប្រកបដោយភាពទាក់ទាញបំផុត។

លោក សយ សុីណុល ប្រធានមន្ទីរបានបន្តថា ជាការយកចិត្តទុកដាក់ រៀងរាល់មុនមានពិធីបុណ្យទានសំខាន់ៗ មន្ទីរទេសចរណ៍ខេត្តតែងតែបញ្ជូនមន្ត្រីចុះក្រើនរំឭកបន្ថែមទៅដល់ប្រតិបត្តិករទេសចរណ៍ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ លើគោលការណ៍ដ៍ចាំបាច់មួយចំនួន ដូចជា ការថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យ រួមទាំងតម្លៃសេវាកម្ម សុវត្ថិភាពដល់ភ្ញៀវជាដើម។

នៅបណ្តារមណីយដ្ឋានដែលមានកន្លែងសម្រាប់ភ្ញៀវជិះទូក ម៉ូតូទឹក និងសកម្មភាពហែលទឹកកម្សាន្តដ៍ចាំបាច់ត្រូវតែបង្កើនកិច្ចការពារដោយបញ្ចៀសឱ្យបានដាច់ខាតករណីគ្រោះថ្នាក់ជាយឧបថាហេតុណាមួរនោះឡើយ។

លោក ប៉ូង វណ្ណា ម្ចាស់រមណីយដ្ឋានធម្មជាតិម្លេចលោក ហុង កុសល អ្នកគ្រប់គ្រងម៉ូលីរីស៊ត និងលោក សុត គឹមស៊ាក់ អ្នកគ្រប់គ្រងរមណីយដ្ឋានដូងទេរ ដែលទីតាំងទាំងនោះនៅជាប់បឹង និងដងព្រែកបានរៀបរាប់ថា ក្រៅពីមានការយកចិត្តទុកដាក់លើផ្នែកសោភ័ណភាព អនាម័យបរិស្ថាន គុណភាព និងតម្លៃសេវាកម្ម កន្លែងរបស់ពួកលោកបានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពភ្ញៀវដែលជិះទូក ម៉ូតូទឹក ក៏ដូចជាការហែលទឹកលេងកម្សាន្ត។

ដូច្នេះបានចុះរអនុវត្តទៅតាមសេចក្តីណែនាំររបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តតែងតែបានចុះទៅផ្សព្វផ្សាយដល់ម្ចាស់រមណីដ្ឋានជាញឹកញ៉ាប់នៅតាមតំបន់ផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពតក៍សំណូមពរទៅដល់បណ្តាញសារព័ត៌មានមានធំៗ ជួយផ្សព្វផ្សាយសក្តានុពលទាំងនេះឱ្យបានជ្រួតជ្រាបដល់ភ្ញៀវទេសចរគ្រប់ទិសទី ដើម្បីមានចំណាប់អារម្មណ៍ក្នុងការមកសម្រាកលម្ហែកម្សាន្តនាឱកាសពីធីបុណ្យអ៊ុំទូក និងមានប្រណាំងទូក ង ខ្នាតប្រពៃណីដែលចូលរួមប្រកួត ៣០ ទូក និងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជាការរៀបចំស្តងពិពណ៌ទំនិញស្ដង់ដាដាក់តាំងពិពណ៌ភូមិមួយផលិតផលមួយ ហើយនិងមានការប្រគំតន្ត្រីនិងដុតកាំជ្រួចនិងបង្ហោះគោមបណ្ដែតប្រទីបសំពះព្រះខែអកអំបុកខេត្តកំពត ក៏ដូចជាពិធីឆ្លងឆ្នាំសកលនាពេលខាងមុខនេះផងដែរ។(សឹង រ៉ាត់)