2023-11-07 08:11
226

កំពត៖ មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៃអគ្គស្នងការនគរបាលជាតិ មានប្រជាប្រិយភាពលើបណ្តាញសង្គមក្នុងកិច្ចការងារបង្ក្រាបក្រុមក្មេងទំនើង ដើម្បរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋ និងសង្គម  ដែលកំពុងកាន់មុខតំណែង និងតួនាទីជាស្នងការនគរបាល បានព្រមានប្តឹងម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ «Phon Sareth» ដែលបានបង្ហោះចែកចាយនូវព័ត៌មានមិនពិត វាយប្រហារបង្កាច់ និងចោទប្រកាន់មកលើរូបលោកជាគណៈដឹកនាំស្នងការថា «បានផឹកស្រាស្រវឹងគំរាមរកបាញ់ព្រះសង្ឃវត្តភ្នំរាប»។ 

នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតថា «ស្អែកនេះខ្ញុំនឹងដាក់ពាក្យបណ្តឹងទៅស្ថាប័ន្តតុលាការដោយគ្មានការលើកលែងចំពោះបុគ្គលដែលមានឈ្មោះក្នុង Facebook Phon Sareth ដែលបានសរសេរធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយសរបស់ខ្ញុំក្នុងនាមជាអ្នកអនុវត្តច្បាប់ និងការពារប្រជាពលរដ្ឋ»។ 

ក្រោយការព្រមានធ្ងន់ៗមានវិធានការផ្លូវច្បាប់លើករណីបរិហារនេះ ស្រាប់តែម្ចាស់គណនីហ្វេសប៊ុក «Phon Sareth» បានសរសេរឆ្លើយតបវិញភ្លាមៗថា «ហ្វេសប៊ុករបស់ខ្លួនត្រូវបានជនអនាមិកហែកយកទៅកាន់កាប់ទើបតែដណ្ដើមយកមកវិញបាន»។ 

ប្រតិកម្មភ្លាមៗរបស់លោកស្នងការនគរបាលខេត្តកំពត ចំពោះគណនីហ្វេសប៊ុកខាងលើ ដោយសរសេរបន្ថែមទៀតថា «លោក Phon Sareth បានបង្ហោះជាងពីរម៉ោងទៅហើយម៉េចក៏មិនដឹងថាគេ Hack Facebook របស់លោក ដល់តែខ្ញុំត្រៀមដាក់ប្តឹងលោកនៅថ្ងៃស្អែកទើបលោកចេញមកសរសេរថាគេ Hack Facebook របស់លោកទៅវិញ! កិត្តិយសរបស់ខ្ញុំមិនមែនសំរាប់លោកយកលេងសើចបែបនេះនោះទេ»។ 

មេប៉ូលិសខេត្តកំពត បានសរារបញ្ជាក់ថា «ប្រសិន Facebook របស់លោក Phon Sareth ត្រូវបានគេ Hack ពិតមែន! ហើយលោកជាមនុស្សប្រកបទៅដោយសុច្ចរិតភាព និងមានទំនួលខុសត្រូវពិតប្រាកដមែន សូមលោកមកជួបខ្ញុំនៅខេត្តកំពត នៅថ្ងៃស្អែក (ទី០៧ វិច្ឆិកា)។ ក៏ប៉ុន្តែខ្ញុំសូមប្រាប់ទៅលោកថា Facebook របស់លោកត្រូវបានគេ Hack តែ tag ទៅមនុស្សសុទ្ធតែជាអ្នកធ្វើការនៅស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា លោកគិតថាខ្ញុំជាក្មេងបៀមដៃមែនទេ»។ 

ម្ចាស់គណនីហ្វេសប៊ុក «Phon Sareth» បានឆ្លើយតបដោយបញ្ជាក់ថា «ហ្វេសប៊ុករបស់ខ្ញុំបាទត្រូវបានគេ Hake យកទៅបង្ហោះក្នុងចេតនាអាក្រក់ហេតុដូចបានបង្ហោះដែលធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ លោកស្នងការខេត្តកំពត ខ្ញុំបាទមិនទទួលខុសត្រូវទេ»។ 

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនមានករណីមន្ត្រីរាជការខេត្តកំពតម្នាក់ និងបក្ខពួកមួយចំនួនទៀត បានទៅកម្សាន្តលេងនៅរមណីយដ្ឋានថ្មីមួយមានទំនាសជាមួយព្រះសង្ឃវត្តនោះ ដោយសាររឿងផឹកស៊ីស្រវឹងចាក់បទចម្រៀងស្រែកច្រៀងរំខានដល់អ្នកដទៃ ហើយត្រូវបានថតបង្ហោះដោយគណនីឈ្មោះ «វត្តភ្នំរាប ទឹកដីព្រំដែនប្រទេសវៀតណាម» បានសរសេរថា «ខេត្តកំពត ក្តៅៗមានតួនាទី មានឋានៈក្នុងសង្គមតែចរិកពាល ជេរអាត្មាភាព សុទ្ធតែម្រាយ អាឆ្កែ គម្រាមបាញ់អាត្មាចោលទៀត មកផឹកច្រៀងរំខានគេឯងពេញតំបន់ទេសចរណ៍ថ្មី ភ្នំទឹកធំ ជាប់ព្រំដែនកម្ពុជា វៀតណាម! សូមមេៗតាមអង្គភាពព្រំដែនពិនិត្យមើលកូនចៅផង! បងប្អូនចង់ដឹងអង្គភាពទេ»។ 

ម្ចាស់គណនីដដែលបានសរសេរបន្ថែមថា «ខេត្តកំពត បងប្អូនចង់ដឹងអង្គភាពទេ! បងប្អូនមើលចរិកដឹងហើយ មានតួនាទីសុទ្ធតែមន្រ្តី សុទ្ធតែមកប្រដៅអាត្មាទៀត ផឹកស៊ីច្រៀងរំខានគេនៅតំបន់ទេសចរណ៍ថ្មីភ្នំទឹកធំ! អួតខ្លួនថា មេប៉ុស្តិ៍ទៀត»។ 

ជុំវិញរឿងរ៉ាវបរិហារកេរ្តិ៍ដ៏ក្តៅគគុកលើស្នងការនគរបាលខេត្តកំពត របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Phon Sareth» នោះមានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិគាំទ្រចំពោះការព្រមានមានវិធានការផ្លូវច្បាប់ដោយមិនលើកលេងចំពោះបុគ្គលនោះ ប៉ុន្តែលទ្ធផលយ៉ាងណាយើងមិនទាន់ដឹងនៅឡើយទេ មហាជនទន្ទឹងរងចាំមើលទាំងអស់គ្នា៕