2023-11-07 08:11
246

(កំពត)៖   នាថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដំណើរការប្រឡង(បាក់ឌុប)សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១ នៅតាមមណ្ឌលប្រឡងទូទាំងខេត្តកំពតបានប្រព្រឹត្តិទៅដោយរលូន ពុំមានភាពមិនប្រក្រតីណាមួយអ្វីកើតឡើងគួឱ្យកត់សម្គាល់នោះឡើយ នៅក្នុងមណ្ឌលប្រឡងទាំង១១ មណ្ឌលនៅទូទាំងខេត្តកំពតនេះបើយោងតាមការឱ្យដឹងពី លោក តាក ហាប់ ប្រធានមន្ទីរអប់ រំយុវជន និងកីឡា ខេត្តកំពត។

លោក តាក ហាប់ បានឱ្យដឹងទៀតថា បេក្ខជនបានទទួលនូវការណែនាំ និងបទបញ្ជាច្បាស់លាស់នៅតាមមណ្ឌលនីមួយៗ ដែលបានបិទផ្សាយមុនពេលប្រឡង ខណៈគណៈមេប្រយោគ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់បានសហការគ្នាអនុវត្តការងារដោយយកចិត្តទុកដាក់បំផុត។

ចំពោះបញ្ហាសុខភាពក៏ពុំមានបញ្ហាកើតឡើងណាមួយគួឱ្យកត់សម្គាល់ដែរ ទាំងគណៈមេប្រយោគ អ្នកពាក់ព័ន្ធ ពិសេសបេក្ខជនប្រឡង។
លោក តាក ហាប់ ប្រធានមន្ទីរអប់រំ បានបញ្ជាក់ឲ្យដឹងថា បេក្ខជននៅតាមមណ្ឌលប្រឡងនីមួយៗមានការរៀបចំបានល្អ សុក្រិត យុត្តិធម៌ ហើយបេក្ខជនក៏បានគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡងបានល្អដែរ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣ នៅទូទាំងខេត្តកំពត មានបេក្ខជនចំណេះទូទៅ និងស្វ័យរិន ដែលត្រូវប្រឡងនាសម័យប្រឡងរយៈពេលពីថ្ងៃដោយបានចាប់ផ្ដើមពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកាដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរុបចំនួនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)មានចំនួន ៥.៦០០នាក់ (និងសិស្សស្រីមានចំនួន ២.៩៤៨នាក់) និងមានមណ្ឌលប្រឡងចំនួន១១ មណ្ឌល ស្មើនឹង ២២៥បន្ទប់ ទូទាំងខេត្តកំពត។(សឹង រ៉ាត់)