2023-11-08 09:11
414

ភ្នំពេញ៖ អគារចាស់ទ្រុងទ្រោមដែលសេសសល់ពីសម័យសង្គម បានបាក់ស្រុកបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ក្នុងភូមិសាស្ត្រទឹកដីខណ្ឌដូនពេញ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ក្នុងហេតុការណ៍ដ៏អាក្រក់នោះទេ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ឧបទ្ទវហេតុនៃការបាក់ស្រុតអគារចាស់ខាងលើ កើតមានឡើងនៅយប់ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០នាទីយប់ ស្ថិតតាមបណ្តោយផ្លូវលេខ ១៤៨ ភូមមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយកើតមានករណីបាក់ស្រុកអគារនោះ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យដល់ទីតាំងកើតហេតុបន្ទាប់ពីមានភ្លៀងលាយខ្យល់កន្ត្រាក់យ៉ាងខ្លាំង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ 

លោក ជា ខេមា អភិបាលខណ្ឌបានបញ្ជាក់ពេលចុះពិនិត្យហេតុការណ៍នៃការបាក់ស្រុកអគារនោះថា «ចំពោះសំណង់អគារស្នាក់នៅរួមដែលមានសភាពចាស់ទ្រុឌទ្រោមនេះ អាជ្ញាធរសង្កាត់-ខណ្ឌសូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពង់់រស់នៅទីតាំងនេះ មេត្តាចាកចេញពីអគារ ដើម្បីការពារសុវត្ថិភាពឲ្យរួចផុតពីគ្រោះថ្នាក់ចៃដន្យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ»។

អាជ្ញាធរខណ្ឌដូនពេញ បានបញ្ជាក់ថា «នៅក្នុងឧបទ្ទវហេតុនៃការបាក់ស្រុកអគារចាស់ទ្រុងទ្រោមដែលសេសសល់ពីសម័យមុនហើយបងប្អូនប្រជាពលរដ្ឋរស់នៅរួមគ្នានោះ ពិតជាសំណាងល្អណាស់ដែលមិនបណ្តាលឱ្យមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសឡើយ»៕