2023-11-08 01:11
354

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation Ltd ដឹកនាំដោយលោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់ពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។

ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនអាចជជែកស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យនានា ក្នុងប្រទេសកម្ពុជា ដែលស្របតាមមុខសញ្ញាវិនិយោគរបស់ខ្លួនដូចជា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ប្រព័ន្ធចម្រោះទឹកកខ្វក់, ផ្លូវល្បឿនលឿន, រោងចក្ររ៉ែ, ការបង្កើតសួនឧស្សាហកម្ម អចនលទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ជាដើម។ 

ក្នុងជំនួបនេះដែរ លោក គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សា និងវិនិយោគនៅកម្ពុជា។ 

រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរបើកចំហរទៅគ្រប់វិនិយោគិនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានវិស័យមួយចំនួនទទួលបានការលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ អាស្រ័យហេតុនេះ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ទទួលស្វាគមន៍ និងរងចាំសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនជានិច្ច៕