2023-11-09 08:11
360

បាត់ដំបង៖ ក្មេងទំងដើរលេងយប់ ចំនួន ០២ក្រុមបានធ្វើសកម្មភាពបើកឆាកប្រយុទ្ធស៊ីសាច់ហុតឈាមផ្អើលក្រុងបាត់ដំបង ភាគីឆាញ់ឱ្យរងរបួសទ្រមខ្លួនត្រូវដេកពេទ្យ និងភាគីឈ្នះត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់។ 

អំពើហិង្សារវាងក្រុមក្មេងទំនើងទាំង ០២ក្រុម កើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅចំណុច ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅលើនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំបញ្ជាកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក) បានធ្វើការនាំខ្លួនជនសង្ស័យ ចំនួន ០២ក្រុមមានគ្នា សរុបចំនួន ០៧នាក់ មកកាន់ស្នងកាដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ 

ការនាំខ្លួនជនសង្ស័យទាំងនេះ គឺកាលពីយបលថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៣០ នាទីនៅចំណុច ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នានៅតាមដងផ្លូវ និងបានគប់ដុំថ្មដាក់គ្នាទៅទៅមកបណ្តាលឱ្យរងរបួសម្នាក់ឈ្មោះ ម៉ា ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង  រយះត្រង់សៀតផ្កាខាងឆ្វេង ផុងដល់លលាដ៏ក្បាល ដេរ ៤០ថ្នេរ និងបណ្តាលឲ្យពិការភ្នែកខាងឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 

នគរបាលបញ្ជាក់ថា ផ្តើមពីបញ្ហានេះ ទើបសមត្ថកិច្ចចេញអន្តរាគមន៍បង្រ្កាបបាន និងដកហូតវត្ថុតាងមានម៉ូតូ ដុំថ្ម និងមួកសុវត្ថិភាពមួយចំនួនផង។ 
ចំពោះមូលហេតុដែលនាំទៅដល់ករណីប្រើហិង្សាបែបនេះ គឺផ្តើមចេញពីក្រុមទី១ ជិះម៉ូតូមកជេរក្រុមទី២ ទើបមានការខឹងសម្បារ ក៏កើតហេតុជាការដេញ និងគប់គ្នាទៅវិញទៅមក ។ 

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕