2023-11-11 09:11
422

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល ពីម៉ោង ១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសម្នាក់បានបើករថយន្តលឿនមិនបានប្រយ័ត្នបានរេចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខទៅលែងរួច។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ starex ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BE-5845 បើកបរតាមបណ្ដោយផ្លូវសុធារស ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហរតុបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ៕