2023-11-11 12:11
309

ភ្នំពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាប និងចាប់ខ្លួនជនសង្ស័យជាជនជាតិឡាវ ចំនួន ០៣នាក់ ដកហូតថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ប្រមាណ ១០១កញ្ចប់ ជាង ១០០គីឡូក្រាម ច្រកនៅក្នុងថង់។

 ឧក្រិដ្ឋជនទាំង ០៣នាក់ ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន ១០១កញ្ចប់  ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ 

ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ 

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុច ផ្ទះលេខ ៣០៤ ផ្លូវលំ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

ជនសង្ស័យទាំង៣នាក់ រួមមាន៖ ១- ឈ្មោះ Cheng veut ភេទប្រុស ជនជាតិ ឡាវ កើតឆ្នាំ១៩៨៨, ២- ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ កើតឆ្នាំ១៩៩៩ និង៣- ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ កើតឆ្នាំ២០០៥។ 

ចំពោះវត្ថុតាងចាប់បាន រួមមាន៖  សារធាតុញៀន ប្រភេទ ម៉េតំហ្វេតាមីន (ICE) ១០១កញ្ចប់ ស្មើទម្ងន់ ១០១គក្រ ៤៤៩.២០ក្រាម។ 
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕