2023-11-11 02:11
340

តាកែវ៖ នារីស្រស់ស្អាតម្នាក់ មានវ័យប្រមាណជាង ៣០ឆ្នាំ មានសតិមិនសូវល្អ បានជិះម៉ូតូវង្វេងផ្លូវមកដល់ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទ្រាំងសួរនាំ និងបានប្រកាសស្វែងរកសាច់ញាតិ ខណៈនាងមិនដឹងអ្វីទាំងសូម្បីតែឈ្មោះរបស់ខ្លួនក៏មិនស្គាល់ដែរ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីម្នាក់សង្ស័យមានបញ្ហាផ្នែកសតិមិនប្រក្រតី បានជិះម៉ូតូ ០១គ្រឿង ម៉ាក CPX ពណ៌សរ ពាក់ស្លាកលេខ សៀមរាប 1W-4335 វង្វេងផ្លូវមិនដឹងស្គាល់ផ្ទះសម្បែង សូម្បីឈ្មោះខ្លួនឯកក៏មិនទាំងស្គាល់ផង ត្រូវបាន សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ប្រកាសស្វែងរកក្រុមគ្រសារ សាច់ញាតិ តាមបណ្តាញទំនាក់ទំនងសង្គម។


ប្រភពបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានស្រ្ដីម្នាក់បានជិះម៉ូតូ វង្វេងមកដល់ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ហើយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុក ក៏បានធ្វើការសាកសួរ ព័ត៌មានពីគាត់តែគាត់នៅតែមិនដឹងថា ខ្លួនគាត់មកពីខាងណាទៅណាទេ (មានសតិមិនសូវល្អ) និងនាំមកស្នាក់នៅអធិការដ្ឋាន ដើម្បីប្រកាសស្វែងរកបងប្អូន និងក្រុមគ្រួសារមកទទួលត្រឡប់ទៅផ្ទះវិញ។

អធិការនដ្ឋានគរបាលស្រុកទ្រាំង បានបញ្ជាក់ថា អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ បើបងប្អូន មហាជន ស្គាល់ពីអត្តសញ្ញាណ ឬក្រុមគ្រួសារសាច់ញាតិគាត់ អាចទំនាក់ទំនង មកទទួលគាត់នៅអធិការដ្ឋាន នគរបាលស្រុកទ្រាំង ខេត្តតាកែវ៕