2023-11-12 03:11
243

បន្ទាយមានជ័យ៖ នារីវ័យក្មេងម្នាក់ បែកគំនិតជាមួយសង្សាឃើញជនរងគ្រោះទុកទូរសព្ទប្រហែសឆក់យកបានសម្រេច ហើយព្យាយាមតាមបើកម៉ូតូរត់គេចខ្លួនពីក្រោយ ប៉ុន្តែត្រូវបានជនរងគ្រោះដេញពីក្រោយស្រែកចោរៗ រហូតផ្តួលម៉ូតូចោលត្រូវកម្លាំងប៉េអឹមក្រុងប៉ោយប៉ែតចាប់ខ្លូនបាន និងបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
   នារីជាជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូននៅតុលាការ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកទូរសព្ទរបស់ជនរងគ្រោះត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ។
   តាមបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានបណ្ដឹងពីជនរងគ្រោះឈ្មោះ សូត្រ ស្រីនីត ភេទស្រី អាយុ ២៤ឆ្នាំ ស្ដីពីករណីឆក់ទូរសព្ទ នៅចំណុច ម្ដុំវិហារឥស្លាម ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ព្រមទាំងចាប់យកវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពឆក់ទូរសព្ទ និងទូរសព្ទ ០១គ្រឿង ដែលជាទូរសព្ទរបស់ជនរងគ្រោះ។
    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថាជនសង្ស័យឈ្មោះ តាំង ស្រីវី ហៅកាកា ភេទស្រី អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា៖ នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រូបខ្លួន និងបក្សពួកម្នាក់ទៀតឈ្មោះ ភ័ក្រ ភេទប្រុស អាយុប្រហែល ២៣ឆ្នាំ បាននាំគ្នាជិះម៉ូតូ ម៉ាកហុងដា  C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ទៅម្ដុំវិហារឥស្លាមស្រាប់តែឃើញស្រីៗ ០២នាក់ ឈប់ទិញអីវ៉ាន់ ដោយឃើញទុកទូរសព្ទនៅក្នុងថតម៉ូតូស្គុបពីខាងស្ដាំ ពេលនោះឈ្មោះភ័ក្រ បានប្រាប់ឱ្យរូបខ្លួនទៅឆក់យកទូរសព្ទនោះ ពេលយកបានបានក៏នាំគ្នាជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់ទូរសព្ទជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុច សាលាបឋមសិក្សា អូរជ្រៅ ស្រាប់តែម៉ូតូរបស់ខ្លួនរលត់ ពេលនោះឈ្មោះ ភ័ក្រ បានរត់ចោលម៉ូតូបាត់។ ចំណែកខ្លួនត្រូវបានកម្លាំងកងរាជអាវុធហត្ថមកដល់ហើយឃាត់ខ្លួនតែម្ដង។
   ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវតាមចាប់បក្ខពួកម្នាក់ទៀត៕