2023-11-13 05:11
236

ខេត្តបន្ទាយមានជ័យ៖ យុវជន៣នាក់រងរបួសធ្ងន់និងស្រាល ខណៈជិះម៉ូតូគេចពីក្រុមក្មេងទំនើងដេញកាប់ក៏ជ្រុលទៅបុករុឺម៉កដឹកបាយជ្រូកនៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ត្រង់ចំណុចបុរីខេអិនស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

  សមត្ថកិច្ចក្នុងហេតុការណ៍បានប្រាប់ថាៈនៅពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវជន៣នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ស អត់មានស្លាកលេខ ពេលនោះស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមមិនដឹងគ្នាប៉ុន្មាននាក់ប្រដាប់ដោយកាំបិតបានដេញកាប់ពួកគេ។ ដោយឃើញសកម្មភាពបែបនោះយុវជនរងរបួសខាងលើក៏បើកម៉ូតូរត់គេចបានជ្រុលទៅបុកម៉ូតូរុឺម៉កដឹកបាយជ្រូកបណ្តាលឱ្យរងរបួសធ្ងន់២នាក់និងស្រាលម្នាក់ គ្រានោះក្រុមបង្កបានបើកម៉ូតូគេចខ្លួនបាត់អស់។

  ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានចុះមកពិនិត្យនិងវាស់វែងហើយបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺជនរងគ្រោះបានជិះម៉ូតូលឿនទៅបុករុឺម៉កដឹកបាយជ្រូកបណ្តាលឱ្យរបួសធ្ងន់២នាក់និងស្រាលម្នាក់ហើយខូចខាតម៉ូតូ។ជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបឋមដឹកទៅកាន់មន្ទីរពេទ្យ។

   មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថាៈក្រោយពិនិត្យវាស់វែងហើយម៉ូតូជនរងគ្រោះនិងម៉ូតូសណ្តោងរុឺម៉កដឹកបាយជ្រូកបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់៕