2023-11-14 04:11
311

ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រពន្ធនាំកូនប្រុសអាយុប្រហែល៣ឆ្នាំជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុករងរបួសធ្ងន់ស្រាលទាំង៣នាក់ រីឯរថយន្តបង្កបើករត់គេចបាត់  នៅវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងកើតវត្ត ផ្សារកណ្តាលឋិតនៅភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ពលរដ្ឋប្រាប់ថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តធុនតូចប្រភេទម៉ាកកាម៉ារីឆ្លាមពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីលិចទៅកើតដោយឡើងជែងរថយន្តស្របទិសដូចគ្នាក្នុងល្បឿនលឿន ឆ្លងគំនូសពុះចែកទ្រូងផ្លូវទៅបុក១ម៉ូតូគ្រឿងម៉ាកវ៉េវ ពាក់ផ្លាកលេខ ភ្នំពេញ1V.4922 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ចំណែកប្រពន្ធ បែកក្បាល និងបាក់ភ្លៅ រីឯកូនតូចអាយុ៣ខួបរងរបួសស្រាល។

ពលរដ្ឋបន្តថា ក្រោយពេលបុកភ្លាម រថយន្តបង្កខាងលើនេះខូចចង្ក្រៀងខាងមុខម្ខាង និងបានបើករត់គេចបាត់ ចំណែកម៉ូតូខូចខាតម៉ាស៊ីន និងខ្ទេចផ្នែកខាងមុខ។ តាមការសាកសួរពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ ធ្វើដំណើរពីស្រុកម៉ាឡៃ មកលេងក្មួយនៅក្រុងប៉ោយប៉ែតក៏ជួបគ្រោះថ្នាក់តែម្តង។

ជនរងគ្រោះត្រូវបានក្រុមការងារសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យដីថ្មី ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំពោះរថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់រថយន្ត យកមកចាត់ការតាមផ្លូវច្បាប់៕