2023-11-15 01:11
263

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនជនជាតិបរទេស ចំនួន ០៣នាក់ និងបក្ខពួកដែលកំពុងរត់គេចខ្លួន ត្រូវនបានអយ្យការសម្រេចចោទប្រកាន់ពីបទ៖ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៦៤៦២ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានជនសង្ស័យ ចំនួន ០៣នាក់ រួមមាន៖ ទី១- ឈ្មោះ ចេង វឿត (CHENG VELT) ភេទប្រុស ជនជាតិឡាវ, ទី២- ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ និងទី៣- ឈ្មោះ ជីនណាវ៉ាត សែលី (CHINNAWAT SAELI) ភេទ ប្រុស ជនជាតិថៃ ត្រូវបានសង្ស័យថា បានប្រព្រឹត្តសកម្មភាព រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ 

អ្នកនាំពាក្យបានឱ្យដឹងទៀតថា៖ បន្ទាប់ពីឆ្លងកាត់ការស្រាវជ្រាវរបស់សមត្ថកិច្ច នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យនីតិវិធី នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការបានធ្វើការបង្ក្រាបករណីខាងលើ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីនចំនួន ១០១ដុំ មានទម្ងន់ ១០១គីឡូក្រាម នឹង៤៤៩,២០ក្រាម បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច បើកការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៨៥០ អ.យ.ប ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើ៖ ឈ្មោះ ចេង វឿត (CHENG VEUT) ភេទប្រុស ជនជាតិឡាវ ឃាត់ខ្លួន, ឈ្មោះ វ៉ាស៊ីន សែកគឺ (WASIN SAEKUE) ភេទប្រុស ជនជាតិថៃ ឃាត់ខ្លួន, ឈ្មោះ ជីនណាវ៉ាត សលី (CHINNAWAT SAELI) ភេទប្រុស ជនជាតិថៃ ឃាត់ខ្លួន, ឈ្មោះ លី ម៉េង ភេទប្រុស ជនជាតិឡាវ គេចខ្លួន ឈ្មោះ VANG TOUYER ភេទប្រុស ជនជាតិឡាវ គេចខ្លួន ពីបទ៖ «រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ត្រូវបានសមត្ថកិច្ចបន្តនិតិវិធី ឃុំខ្លួនជាបណ្តោះអាសន្ន រងចាំចំណាក់ជាបន្តបន្ទាប់តាមផ្លូវច្បាប់៕