2023-11-18 01:11
294

កំពង់ស្ពឺ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នជនត្រូវចោទ ចំនួន ០៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធវែងខ្លីបាញ់បោះសេរី ក្នុងតំបន់ទេសចរណ៍ចំការតែ លើឧទ្យានជាតិគិរីរម្យ ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ និងបន្តនិតិវិធីតាមចាប់មេខ្លោង និងអ្នកពាក់ព័ន្ធសរុបជាង ១០នាក់ ដើម្បីយកមកទទួលទោសតាមផ្លូវច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលសំណុំរឿងព្រហ្មទណ្ឌ លេខ១៥០២ ចុះថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចបើកការស៊ើបសួរលើជនត្រូវចោទ រួមមាន៖ ទី១- ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ, ទី២- ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ ៤០ ឆ្នាំ, ៣- ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ ៣៤ ឆ្នាំ, ទី៤- ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ ៣២ ឆ្នាំ, ទី៥- ឈ្មោះ កង តារាវីឆៃ ភេទប្រុស អាយុ ៣២ ឆ្នាំ និង ទី៦- បក្សពួកពីបទ៖ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទីរសៀល រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៦និង០០នាទីព្រឹក បទល្មើសព្រហ្មទណ្ឌមានបញ្ញត្តិ និងឱ្យផ្ដន្ទាទោសតាមមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

អ្នកនាំពាក្យបានបញ្ជាក់ទៀតថា នៅថ្ងៃដដែលនេះ ជនត្រូវចោទ៖ ១- ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ, ២- ឈ្មោះ ភារម្យ, ៣- ឈ្មោះ ភាលុច និង ៤- ឈ្មោះ ឈិត លីហៀង ដែលបានចូលសារភាពទោសកំហុសនាពេលកន្លងមក ត្រូវបាននាំមកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំពេញកិច្ចស្របតាមនីតិវិធីជាធរមាន។ បន្ទាប់ពីបានស្តាប់ចម្លើយជនត្រូវចោទទាំង ០៤នាក់ ខាងលើរួចចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន ដូចខាងក្រោម៖

១- ជនត្រូវចោទឈ្មោះ ស៊ឹម- សុវណ្ណារិទ្ធ តាមដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន លេខ ១៩០១៩ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
២- ជនត្រូវចោទឈ្មោះ ភារម្យ តាមដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន លេខ១៩០២០ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ 
៣- ជនត្រូវចោទ ឈ្មោះ ប៊ិន ភាលុច តាមដីកាសម្រេចឱ្យឃុំខ្លួន លេខ១៩០២១ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
៤- ជនត្រូវចោទឈ្មោះ ឈិត លីហៀង តាមដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន លេខ១៩០២២ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំពោះអង្គហេតុនៃការចោទប្រកាន់ខាងលើ។ 

ដោយឡែកចំពោះជនត្រូវចោទពាក់ព័ន្ឋផ្សេងទៀត ដែលកំពុងគេចខ្លួន ចៅក្រមស៊ើបសួរកំពុងយកចិត្តទុកដាក់ស្រាវជ្រាវ និងអនុវត្តចំណាត់ ការតាមនីតិវិធីជាធរមាន៕