2023-11-19 11:11
471

 ភ្នំពេញ៖     ដោយសារស្ថានភាពសេដ្ឋកិច្ចទើបគ្រួសារឪពុក និងម្តាយចេញទៅបម្រើការងាររោងចក្រ ទុកកូននៅផ្ទះគ្មានអ្នកមើលថែត្រឹមត្រូវពួកគេបាននាំគ្នាទៅលេងទឹកស្រះជាមួយមិត្តភក្តិ ប៉ុន្តែចៃដន្នអាក្រក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម្មបំផុត។

 ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៣និង០០នាទី នារសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ឡៅ ចិត្រា ភេទប្រុស អាយុ ៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរចំណុចកើតហេតុ និងមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ 

 សាក្សីនិយាយថា មុនពេលហេតុឪពុក ម្ដាយក្មេងប្រុសរងគ្រោះបានចេញទៅធ្វើការនៅរោងចក្រដូចសព្វមួយដង ហើយស្រីក្មេងប្រុសរងគ្រោះ និងក្មេងស្រីម្នាក់ទៀត បានជិះកង់បបួលគ្នាទៅលេងទឹកស្រះ ខណៈពេលកំពុងនាំគ្នាចុះហែលទឹកលេងបណ្តាលឲ្យលង់ទាំង ០៣នាក់ ប៉ុន្តែភ្លាមៗនោះអ្នកភូមិជួយសង្រ្គោះក្មេងស្រី ០២នាក់ និងក្មេងប្រុសរងគ្រោះបានលិចចូលទៅក្នុងទឹកជំរៅជាង ៣ម៉ែត្របណ្តាលស្លាប់តែម្តង។

 សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅ៣ សហការជាមួយនឹងកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យសព ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា «ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ពិតប្រាកដមែន»

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យម្ដាយ ឪពុកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕