2023-11-19 04:11
468

កំពត៖ ក្រសួងបរិស្ថាន និងខេត្តចំនួន ០៦ (ភូមិភាគ៣) បានចុះអនុសារណៈនៃការយោបយល់គ្នា ដើម្បីធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ ថង់ប្លាស្ទិកទេ» នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីលានកីឡដ្ឋានខេត្តកំពត។ 

ការចុះ MOU រវាងក្រសួងបរិស្ថាន និងខេត្តទាំង ០៦ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អភិបាល នៃគណៈអភិបាលទាំង ០៦ រួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តកំពត, ខេត្តព្រះសីហនុ, ខេត្តកោះកុង និងខេត្តតាកែវ 

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ ថង់ប្លាស្ទិកទេ» រៀបចំឡើងក្នុងគោលបំណង៖ ទី១- ផ្សព្វផ្សាយជាផ្លូវការនូវចលនារួមគ្នា ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា, ទី២- ជំរុញការចូលរួមរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ គ្រប់អង្គភាពពាក់ព័ន្ធចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទី៣- ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាជាមួយប្រជាជាតិលើសកលលោកក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិក។

លោកបណ្ឌិត អ៊ាង សុផល្លែ តរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បើបូករួមជាមួយខេត្តចំនួន ០៦ទៀត ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងបរិស្ថាន ស្តីពី យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិ កនៅថ្ងៃនេះមានខេត្តចំនួន ១៣ និងមានស្ថាប័នធំៗ ចំនួន ៥ នឹងគ្រោងចុះ MOU គ្នាជាមួយក្រសួងបរិស្ថាន ដូចជា៖ កាកបាទក្រហមកម្ពុជា, កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការស្បៀងអាហារពិភពលោក (UNFAO) ,សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ 

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមថា ក្រសួងពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច ១ថ្ងៃ និងពង្រីកទៅ ២ថ្ងៃ, ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង ១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានថង់ប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។ 

សូមបញ្ជាក់ថា បច្ចុប្បន្នសង្កេតឃើញថា ក្រៅពីថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារ និងភេសជ្ជៈ ដូចជា៖ ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ សម្ភារប្លាស្ទិក ដែលប្រើរួចត្រូវបានចោលលាយឡំជាមួយសំរាម សំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយនៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង៕